Connect with us

ព័ត៌មានជាតិ

អាមេរិក​យក​នាវា​ចម្បាំង​ទំនើប​បំផុត​របស់​ខ្លួន​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​កម្ពុជា

បានផុស

នៅ

នាវា​ចម្បាំង​ USS CINCINNATI (LCS 20) របស់​អាមេរិក​បាន​ចូល​សំចត​ក្នុង​មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​ព្រះសីហនុ ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៦​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​កម្ពុជា និង​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

USS CINCINNATI (LCS 20) បាន​ចូលចត​នៅ​មូលដ្ឋាន​សមុទ្ររាម​នៅ​ម៉ោង​១០ និង​២០នាទី ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៦​ ដែល​នឹង​ចត​នៅ​ទី​នេះ​រហូត​ដល់​ថ្ងៃ​២៨ ខែ​មករា​ខាង​មុខ​។ ជា​ការ​កត់សម្គាល់​នាយឧត្តមសេនីយ័ Samuel  J. Papago មេបញ្ជាការប្រចាំឥណ្ឌូប៉ាស៊ី​ហ្វឹក ក៏​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​​ជាមួយ​នាវិក​ប្រមាណ​១០០នាក់​នៃ​នាវាចម្បាំង​នេះ​ផង​ដែរ។

មេ​បញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម​លោក​ឧត្តម​នាវីត្រី អ៊ិន សុខេមរា បាន​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​នេះ​យ៉ាង​កក់​ក្ដៅ​។

ក្នុង​ឱកាស​សំចត​នៅ​សមុទ្រ​កម្ពុជាកងទ័ពជើងទឹកកម្ពុជា និងអាម៉េរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នា ដើម្បីរឹតចំណងមិត្តភាព ខណៈ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​ និង​សង្ឃឹម​យ៉ាង​មុត​មាំ​ថាមាន​កិច្ចសហប្រតិបត្តិការ​បន្ត​ទៀតរវាងកងទ័ពជើង ទឹក​នៃប្រទេសទាំងពីរនាពេលអនាគត ជាពិសេស​ពាក់ព័ន្ធទៅ​នឹង​ការបណ្តុះបណ្តាលធនធានមនុស្ស ការងារ ហ្វឹកហ្វឺន​រួមគ្នាស្រប​ទៅតាមការ​ធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ។

​តាម​រយៈ​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ AKP បាន​សរសេរចុះ​ផ្សាយ​​ថា៖ «កងទ័ពជើងទឹកកកម្ពុជា​ត្រៀមខ្លួន​រួចជា​ស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ​ជាមួយ​និង​ការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក»។

​​​USS Cincinnati (LCS-20) គឺជានាវា​ទំនើប​បំផុត​ដែល​បំពាក់​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​អាមេរិក​ ដែល​បាន​ដាក់​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៩ វាត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រតិបត្តិការក្នុងតំបន់ទឹកក្បែរឆ្នេរ និងសមុទ្រចំហ។ នាវានេះមានភាពលេចធ្លោខ្លាំងដោយសាររចនាសម្ព័ន្ធបាតបី (Trimaran) ដែលផ្តល់នូវលំនឹងខ្ពស់ និងល្បឿនលឿនរហូតដល់លើសពី ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីភាពរហ័សរហួន USS Cincinnati ត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធទំនើបៗ រួមមានកាណុងស្វ័យប្រវត្តិ ៥៧ មីលីម៉ែត្រ, មីស៊ីលការពារខ្លួនពីដែនអាកាស, និងអាចផ្ទុកឧទ្ធម្ភាគចក្រព្រមទាំងដ្រូនឈ្លបយកការណ៍បានយ៉ាងច្រើន។ ចំណុចពិសេសបំផុតរបស់វាគឺ “ប្រព័ន្ធម៉ូឌុល” ដែលអនុញ្ញាតឱ្យនាវិកផ្លាស់ប្តូរឧបករណ៍បច្ចេកទេសទៅតាមបេសកកម្មផ្សេងៗគ្នាដូចជា ការបោសសម្អាតមីន ការវាយប្រហារលើផ្ទៃទឹក ឬការស្វែងរកនាវាមុជទឹក៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម