Connect with us

ព័ត៌មានជាតិ

ផ្លែជម្ពូក្រហមស្ទើរខ្សត់តាមដីភូមិ ​កំពុងត្រូវប៉ាន់តាមតូបលក់ម្ជូរលើចិញ្ចើមផ្លូវ

បានផុស

នៅ

ផ្លែជម្ពូមានពីរប្រភេទ ដែលមានជម្ពូក្រហម និងជម្ពូស ដែលរុក្ខជាតិទាំងពីរប្រភេទនេះមានរសជាតិប្រហាក់ប្រហែលគ្នា ដោយគ្រាន់តែសាច់របស់ផ្លែជម្ពូស មានលក្ខណៈផុយស្រួយជាងផ្លែជម្ពូក្រហម។

បច្ចុប្បន្នគេសង្កេតឃើញថា ប្រភេទដើមរុក្ខជាតិនេះនៅតាមភូមិគឺហាក់បីដូចជាស្បើយ ដោយមិនសូវមានអ្នកនិយមចូលចិត្តដាំនោះឡើយ ព្រោះបើគេធ្វើដំណើរទៅតាមភូមិស្រុកមួយចំនួន​ក្នុងខេត្តបាត់ដំបងគេ​ពិបាកនឹងរកមើលឃើញ​ដើមជម្ពូនេះ​ណាស់ ព្រោះយូរៗគេឃើញមួយដើម ដោយសារតែកម្រមានអ្នកដាំនេះហើយ ទើបទិន្នផលផ្លែជម្ពូមិនសូវមានលក់នៅលើទីផ្សារប៉ុន្មានឡើយ ពិសេសគឺជម្ពូសស្ទើរតែផុតពូជតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុខ ហ៊ុន រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃនៅក្នុងចម្ការ​របស់អ្នកស្រី គឺនៅសល់ប្រភេទដើមជម្ពូក្រហមមិនជាច្រើនប៉ុន្មានទេ ហើយការថែទាំក៏មានការលំបាក ព្រោះពេលខ្លះវាអាចជ្រុះក្រហមពេញដីខាងក្រោមដើម ធ្វើឱ្យអ្នកស្រីមានការខាតបង់ដោយមិនបានលក់ទៅលើទីផ្សារ។

អ្នកស្រីបានបន្តថា មានឆ្នាំណាខ្លះវាអាចផ្លែជាប់នៅលើដើមឡើងពណ៌ក្រហមពេញដើម ដោយមិនមានការជ្រុះធ្លាក់មកដីឡើយ ដោយសារតែពុំមានបច្ចេកទេសខាងកសិកម្មដូច្នេះអ្នកស្រីក៏មិនដឹងថាតើបណ្ដាលមកពីមូលហេតុអ្វីដែរ។ ដោយគ្រាន់តែអ្នកស្រីគិតថាផ្លែសល់ប៉ុណ្ណាគឺបេះលក់ប៉ុណ្ណឹង។

ដោយឡែកស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែងក្នុងក្រុងបាត់ដំបងបាននិយាយថា កន្លែងអ្នកស្រីគឺលក់ផ្លែឈើចម្រុះ ដូចជាផ្លែជម្ពូក្រហម ផ្លែល្មុត ផ្លែទៀបស្វិត ផ្លែទឹកដោះគោ​ជាដើម។ ដោយឡែកផ្លែជម្ពូសគឺអ្នកស្រីមិនដែលបានទទួលយកមកលក់ឡើយ។ សម្រាប់ផ្លែជម្ពូក្រហមគឺសម្បូរអ្នកទិញយកទៅលក់តាមតូបម្ជូរនៅលើចិញ្ចើម​ផ្លូវ ព្រោះតូបម្ជូរនីមួយៗគេច្រើនលក់ផ្លែឈើចម្រុះឲ្យតែផ្លែឈើនោះមានរសជាតិជូរ ព្រោះបច្ចុប្បន្នសម្បូរអ្នកនិយមចូលចិត្តម្ជូរតាមចិញ្ចើមផ្លូវណាស់ ពិសេសក្រុមយុវវ័យតែម្ដងព្រោះតូបម្ជូរនីមួយៗ មានដាក់ផ្លែឈើជាច្រើនប្រភេទមានទាំង​ទឹកកាពិ និងអំបិលម្ទេសជាច្រើនមុខសម្រាប់ឲ្យអ្នកដែលនិយមចូលចិត្តម្ជូរអាចជ្រើសរើសប្រភេទអំបិលម្ទេសបានទៅតាមចំណង់ចំណូលចិត្ត។

ដោយឡែកស្ត្រីម្នាក់ដែលជាម្ចាស់តូប “ម៉ាក់លីន ម្ជូរក្រឡុក” ដែលមានទីតាំងស្ថិតនៅក្បាលស្ពានថ្មចាស់ត្រើយខាងកើតបាន​បញ្ជាក់ថា សព្វថ្ងៃការលក់ម្ជូរក្រឡុកគឺដាច់គ្រាន់បើ ដែលសំបូរអតិថិជនមកចេញច្រើន។ រីឯផ្លែជម្ពូក្រហម គឺនៅ​លើ​ទីផ្សារ​មានតម្លៃ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម ដែលអ្នកស្រីទិញយកមកចិតជាចំណិតដើម្បីលក់ឲ្យអតិថិជន រួមជាមួយនឹងម្ជូរដទៃជាច្រើនទៀតផងដែរ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម