Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ជ្រើសរើសលោក ប៉ាង លីដា ជាវាគ្មិនចែករំលែកបទពិសោធន៍ការងារមូលដ្ឋាន

បានផុស

នៅ

ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ជូនអង្គសន្និបាត ស្តីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបទពិសោធន៍ក្នុងការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូលរួមរបស់លោក ប៉ាង លីដា ក្នុងសន្និបាតក្រសួងមហាផ្ទៃនេះ ធ្វើឡើងតាមសំណូមពររបស់​លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួបមួយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដែលនៅពេលនោះ លោក​បានស្នើ​ឱ្យលោក ប៉ាង លីដា ត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ។

គួរ​រំលឹក​ថា ក្នុងជំនួបខាងលើ លោក​អភិសន្តិបណ្ឌិត ស សុខា បានសម្តែងការកោតសរសើរ និងការរំភើបចិត្ត ចំពោះការបំពេញភារកិច្ចរបស់លោក ប៉ាង លីដា ដែលតែងតែចុះដល់មូលដ្ឋានដោយផ្ទាល់ ដឹកនាំមន្ត្រីស្ដារលូរំដោះទឹក កាយប្រឡាយ និងប្រើវិធីសាស្រ្តនានា ដើម្បីទទូចសុំការសហការពីប្រជាពលរដ្ឋ ក្នុងការរំដោះចិញ្ចើមផ្លូវសាធារណៈ។

លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងអាចប្រសើរឡើងកាន់តែខ្លាំង ប្រសិនបើមានមន្ត្រីដែលមានការប្តេជ្ញាចិត្ត និងវិធីសាស្រ្តធ្វើការដូចលោក ប៉ាង លីដា កាន់តែច្រើន ព្រោះសកម្មភាពជាក់ស្តែងរបស់លោក បានផ្តល់មេរៀន និងបទពិសោធន៍មានតម្លៃ ជាពិសេសការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋនៅទីតាំងផ្ទាល់។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ថា នៅតាមរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនានា មានមន្ត្រីជាច្រើនកំពុងទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្ម ប៉ុន្តែករណីលោក ប៉ាង លីដា ត្រូវបានចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី និងបំផុសការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។

សូម​បញ្ជាក់ថា សន្និបាតរយៈពេល២ថ្ងៃនេះ ក្រសួងមហាផ្ទៃបានរៀបចំបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗចំនួន១១។ សន្និបាតនឹងប្រារព្ធពិធីបើកក្រោមអធិបតីភាព លោក​អភិសន្តិបណ្ឌិត ស សុខា និងប្រារព្ធពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម