Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្ដីសុខាភិបាលផ្តល់គន្លឹះ៩ចំណុចដល់មន្ទីរពេទ្យកុមារជាតិដើម្បីអនុវត្តការងារឆ្នាំ២០២៦ទទួលបានជោគជ័យ

បានផុស

នៅ

ភ្នំពេញ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានផ្តល់អនុសាសន៍គន្លឹះ៩ចំណុចដល់មន្ទីរពេទ្យកុមារជាតិដើម្បីរៀបចំផែនការនិងអនុវត្តការងារនៅក្នុងឆ្នាំ២០២៦នេះទទួលបានលទ្ធផលល្អប្រសើរនិងជោគជ័យបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃទី១៨កម្ភៈឆ្នាំ២០២៦លោក  រដ្ឋមន្ត្រីបានមានប្រសាសន៍ថាអនុសាសន៍គន្លឹះ៩ចំណុចរួមមាន ១. ពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលម្អអគារ និងបរិស្ថាន ។

២. លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។

៣. ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ។

៤. បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព  «គ្រប់អ័ក្សត្រូវតែច្បាស់លាស់ ស្របតាមបទបែបជាតិ និងអន្តរជាតិ ដែលជាការចងចាំគ្រប់ជំហានបច្ចេកទេសព្យាបាល»។

៥. ត្រូវមានសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ។

៦. ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាព និងការទំនាក់ទំនងឱ្យបានល្អ។

៧. ពង្រឹងលើការបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។

៨. ពង្រឹងប្រព័ន្ធព័ត៌មាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យនិង៩. មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ មន្ទីរពេទ្យកុមារជាតិនូវភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ ជុំវិញបរិវេណមន្ទីរពេទ្យ ឧបករណ៍សម្ភារៈបរិក្ខារទំនើប និងការកសាងសមត្ថភាពមន្រ្តី បុគ្គលិករបស់មន្ទីរពេទ្យឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលទាំងការថែទាំ និងព្យាបាល ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ ឱ្យបានលឿន បណ្តុះបណ្តាល និងការចល័តធនធានមនុស្សឱ្យបានលឿន និងសម្ភាររិក្ខារពេទ្យ ព្រមទាំងការធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា ជាពិសេសការងារព្រំដែន។

ជាងនេះទៀតមន្ទីរពេទ្យទាំងអស់ត្រូវផ្តោតសំខាន់លើការដឹកនាំ  ការបណ្តុះបណ្តាល  គុណភាពព្យាបាល និងការជួយសង្រ្គោះនិងត្រូវតែមានសមធម៌ ដូចជាពាក្យ «មន្ទីរពេទ្យដែលខ្លាំង មានគុណភាព នឹងធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងទាំងថ្ងៃនេះ និងថ្ងៃស្អែក»។

លោក វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានប្តេជ្ញាថាថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់សូមធ្វើការ ប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់ មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និង គុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិឱ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាព លើវិស័យសុខាភិបាល និង ការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលខណៈឆ្នាំ២០២៥កន្លងមកនេះ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺក្រៅ មាន ២៤៩,១២៦ករណីកើនឡើងចំនួន ៤០,៩៤៨ករណីស្មើនឹង១៩.៧%ធៀបឆ្នាំ២០២៤ក្នុងនោះអ្នកជំងឺសម្រាកពេទ្យ មាន ៥៥,៤០៥ ករណី អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ ១៥២% ដោយមានគ្រែសម្រាប់អ្នកជំងឺ ៤០០ គ្រែ។

លោក វេជ្ជបណ្ឌិត បានបញ្ជាក់ថាទន្ទឹមនិងសមិទ្ធិផល ដ៏គួរជាទីមោទនភាពនេះមន្ទីរពេទ្យក៏ប្រឈមមានបញ្ហាខ្វះខាតមួយចំនួនដែរ ដូចជាសម្ភារៈបរិក្ខារឯកទេស សម្រាប់បំពេញការងារទៅតាមកំណើន របស់អតិថិជន។ ចំពោះគុណភាព គឺសមត្ថភាពបុគ្គលិកជាទូទៅនៅមានកម្រិតនៅឡើយ ជាពិសេសគឺសមត្ថភាពឯកទេសដែលទាមទារ ឱ្យមានការបណ្តុះបណ្តាលបន្ថែម និង កែលម្អចាំបាច់មួយផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម