Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ថ្នាក់ដឹកនាំប្រទេសកម្ពុជាបានប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍ បញ្ចៀសនូវបញ្ហាធ្ងន់ធ្ងរកើតឡើង

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ក៏ដូចជា​រាជរដ្ឋាភិបាល បាន​ប្រឹងប្រែង​គ្រប់គ្រង​ស្ថានការណ៍ បញ្ចៀស​នូវ​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ថ្លែង​បែបនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន ចំណុះ​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ខេត្តស្វាយរៀង ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦។

ក្នុង​ពិធី​នេះ​ក៏មាន​វត្តមាន​អម​សម្តេច​អនុប្រធាន​គណបក្ស​រួមមាន ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​គណៈ​ចលនា​មហាជន ឯកឧត្តម អគ្គលេខាធិការរង ប្រធាន អនុប្រធាន​ផ្នែក ចំណុះ​អគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ព្រមទាំង​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ទូទាំង​ខេត្តស្វាយរៀង សរុប ៣២១​នាក់​។​

លោក ​ប៉េង ពោធិ៍​សា អនុប្រធាន​គណៈកម្មាធិកា​រប​ក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្តស្វាយរៀង បានធ្វើការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តស្វាយរៀង ព្រមទាំង​រាយការណ៍​សង្ខេប​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​ជូន​គណៈអធិបតី​។​

មានប្រសាសន៍​ទៅកាន់​អង្គពិធី សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការសាកសួរ​សុខទុក្ខ​ពីស​ម្តេច​ប្រធាន​គណបក្ស សម្តេច​ប្រធានកិត្តិយស និង​សម្តេច​អនុប្រធាន​បក្ស​ ជូន​ដល់​មន្ត្រី​គណបក្ស​ទាំងអស់ ក៏ដូចជា​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​គ្រប់​រចនាសម្ព័ន្ធ​ទាំងអស់​ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ជូន​គណបក្ស​ក្នុង​រយៈកាល​កន្លងទៅនេះ​។

សម្តេច​បានលើកឡើង​បន្តទៀតថា កិច្ច​ជំនួប​ថ្ងៃនេះ​មាន​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានការណ៍​នយោបាយ​រួម​ជូន​ដល់​មន្ត្រី​គណបក្ស​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សតិអារម្មណ៍​មហាជន​នៅក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន សំដៅ​ចូលរួម​ការពារ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ជាតិ​សំខាន់ៗ​ទាំងឡាយ​ដែល​គណបក្ស​បាន​ខិតខំ​កសាង​ដោយ​លំបាក​។

ជាមួយគ្នា​នោះដែរ សម្តេច​ ក៏បាន​ជម្រាបជូន​អង្គពិធី​នូវ​ការវិវឌ្ឍន៍​ថ្មីៗ នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សម្តេច​បាន​រំលេច​នូវ​ចំណាត់ការ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​គណបក្ស ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍ បញ្ចៀស​នូវ​បញ្ហា​ធ្ងន់ធ្ងរ ចែករំលែក​ជូន​ដល់​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ទូទាំង​ខេត្ត យកទៅ​ផ្សព្វផ្សាយ​ដល់​សមាជិក សមាជិកា និង​មហាជន​ទូទៅ​ក្នុង​មូលដ្ឋាន​រៀងៗ ​ខ្លួន​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម