Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ក្រើនរំឮកពលរដ្ឋខ្មែររួមដៃគ្នាជាធ្លុងមួយ តម្កល់ប្រយោជន៍ជាតិជាធំ វាយបំបាក់ខ្មាំងសត្រូវ

បានផុស

នៅ

បើទោះបីជាសង្គ្រាមកម្ពុជា–ថៃត្រូវបានបិទបញ្ចប់ហើយក៏ដោយ ប៉ុន្តែស្ថានភាពនៅតំបន់ជួរមុខនៅតែមានភាពផុយស្រួយដដែល។ ខណៈពេលនេះ ភាគីថៃកំពុងប្រើយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រ ដើម្បីបំបាក់ស្មារតីពលរដ្ឋខ្មែរ និងញុះញង់ឱ្យកើតមានការបែកបាក់រវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។ ក្នុងន័យនេះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររួមដៃគ្នាជាធ្លុងមួយវាយបំបាក់ខ្មាំងសត្រូវឈ្លានពាន មុននឹងដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកបណ្ឌិត ជេត ជាលី

នៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំដោយ សារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ជេត ជាលី បានលើកឡើងថា ជាច្រើនសតវត្សរ៍មកហើយ ថៃតែងប្រើយុទ្ធសាស្ត្របំបែកបំបាក់សាមគ្គីភាពរបស់ខ្មែរ។ លោកបន្តថា វិធីសាស្ត្រទាំងនោះថៃមិនសូវផ្លាស់ប្តូរទេ ប៉ុន្តែជាញឹកញាប់ខ្មែរតែងតែជឿលើព័ត៌មានគេផ្សព្វផ្សាយធ្វើឱ្យកើតការបែកបាក់ និងភ្លេចអតីតបទពិសោធន៍ដែលធ្លាប់រងផលប៉ះពាល់។

ក្នុងបរិបទនេះ លោកបណ្ឌិតបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងចងចាំថា អ្វីដែលខ្មែរមានសំខាន់បំផុតគឺការមិនបែកបាក់គ្នា។ លោកបន្ថែមថា នៅពេលប្រឈមមុខនឹងស្ថានភាពយោធាដែលពិបាកឈ្នះ ភាគីថៃអាចបង្វែរទៅប្រើសង្គ្រាមចិត្តសាស្ត្រ ដូចជាការផ្សព្វផ្សាយរូបភាព ឬសកម្មភាពបង្កអារម្មណ៍ឈឺចាប់ ដូចជាការរាយបន្លាលួស ដាក់ទូរកុងតឺន័រ វាយកម្ទេចផ្ទះសម្បែងខ្មែរ បង្ហោះនៅតាមបណ្តាញសង្គម ដើម្បីបង្កការយល់ច្រឡំ និងធ្វើឱ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលកាន់តែតានតឹង។

លោកបណ្ឌិតថ្លែងថា៖« សភាពការណ៍ស្ងប់ស្ងាត់តែប្រដាប់អាវុធនៅផុយស្រួយ សង្គ្រាមដែលគេបន្តធ្វើ គឺសង្គ្រាមចិត្តសាស្រ្តគេមិននៅស្គៀមទេ គេបន្តធ្វើរាល់ថ្ងៃ ធ្វើឱ្យយើងបែកបាក់គ្នាជាមួយរដ្ឋាភិបាល។ ខ្ញុំថាពេលនេះចោរចូលផ្ទះហើយអត់មានបន្ទោសគ្នាទេ វៃចោរចូលផ្ទះសិនទៅ ទប់សិនទៅ ព្រោះឥឡូវគេចូលប្លន់ហើយ ការពារសិន ចាប់យើងនិយាយគ្នា»។ ត្រង់ឃ្លានេះ លោកបណ្ឌិតក្រើនរំឮកពលរដ្ឋខ្មែររួមដៃគ្នាជាធ្លុងមួយ តម្កល់ប្រយោជន៍ជាតិជាធំ វាយបំបាក់ខ្មាំងសត្រូវដែលរំលោភមកលើដែនអធិបតេយ្យភាពកម្ពុជា។

ព្រះធម្មវិជ្ជាភិក្ខុ រីម ចាន់រ៉ា

ជាមួយគ្នានេះ ព្រះធម្មវិជ្ជាភិក្ខុ រីម ចាន់រ៉ា ព្រះរាជាគណថ្នាក់កិត្តិយស មានសង្ឃដីកាដែលថា អ្វីដែលថៃប៉ងប្រាថ្នាចង់បានបំផុត ដំបូងគឺចង់ឃើញខ្មែរបែកបាក់ ប្រះស្រាំជាបីជាបួន ព្រោះនេះជាអ្វីដែលគេធ្វើកន្លងមក។ ព្រះតេជគុណមានសង្ឃដីកាថា ពិភពលោកផុយស្រួយ ហើយមិនអំណោយផលសម្រាប់ប្រទេសយើងតូចនោះទេ ដូច្នេះបើចង់ឱ្យកម្ពុជាមានសន្តិភាពរឹងមាំ យើងត្រូវមានកម្លាំងបង្អែកខ្លួនឯងឱ្យខ្លាំងសិន។

ព្រះតេជគុណ មានសង្ឃដីកាថា៖«កម្លាំងខ្លួនឯង ខ្មែរយើងមានគ្នាតិច ប្រទេសតូចផង ដូច្នេះយើងត្រូវជួសជុលហើយមិនអាចបែកគ្នាទេ។ បើយើងមិនទាន់ជួសជុលបាន បើយើងជាគំនរសំរាម ក៏ត្រូវអណ្តែតទៅជាមួយគ្នាដែរទើបវាមិនត្រូវទឹករលក ពលរដ្ឋខ្មែរអណ្តែតទៅជាមួយគ្នាមិនអាចបែកគ្នាទេ។ ទោះបីថារាជរដ្ឋាភិបាលដឹកនាំ កន្លែងខ្លះមិនអាចធ្វើបាន ក៏ត្រូវទៅជាមួយគ្នាក្នុងន័យស្ថាបនា ជួសជុល ។ ឯកភាពត្រូវធ្វើដំបូង កម្លាំងទ័ពត្រូវតែមាន សេដ្ឋកិច្ចត្រូវតែរស់ ពលរដ្ឋត្រូវតែអភិវឌ្ឍគុណភាព»។

ព្រះធម្មវិជ្ជាភិក្ខុ រីម ចាន់រ៉ា ព្រះរាជាគណថ្នាក់កិត្តិយស និង លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកត់សម្គាល់ដូចគ្នាថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តការទូតដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងចៀសវាងការបាត់បង់អាយុជីវិត។ ការដោះស្រាយតាមផ្លូវការទូតនេះ ត្រូវការពេលវេលាហើយក៏ទាមទារឱ្យប្រជាពលរដ្ឋមានភាពអត់ធ្មត់ និងការគាំទ្រ ដើម្បីឈានទៅសម្រេចបានលទ្ធផលធំ និងយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម