ព័ត៌មានជាតិ
ពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ មិនអាចជួបជុំគ្រួសារក្នុងផ្ទះដ៏កក់ក្ដៅនាថ្ងៃចូលឆ្នាំខ្មែរដូចឆ្នាំមុនឡើយ ព្រោះទង្វើយោធាថៃឈ្លានពាន
ឆ្នាំនេះប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកប្រមាណជាង៣ម៉ឺន៤ ពាន់នាក់ មិនអាចជួបជុំគ្រួសារក្នុងផ្ទះដ៏កក់ក្ដៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចកាលពីឆ្នាំមុនឡើយ ពីព្រោះតែផ្ទះសម្បែងរបស់ពួកគាត់ត្រូវខូចខាត រងការបំផ្លិចបំផ្លាញ ការដាក់ទូកុងតឺន័រ ការរាយបន្លាលួស ការគំរាមកំហែងសន្តិសុខ ការហាមមិនឱ្យចូលទៅរស់នៅក្នុងផ្ទះពួកគាត់ពីសំណាក់យោធាថៃឈ្លានពាន។

ស្របពេលដែលពលរដ្ឋខ្មែរទូទាំងកម្ពុជាកំពុងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅព្រឹកថ្ងៃទី១៤ ខែមេសា ខាងមុខ, ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឱ្យដឹងថា៖«ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន ១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៤.៤៣៩នាក់ទៀត (ស្ត្រី ១៧.៨៦០នាក់ និងកុមារ១១.៤៤៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ »។
ពលរដ្ឋភៀសសឹកដែលមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញទាំងនេះ គឺជាពលរដ្ឋដែលរស់នៅក្នុងផ្ទះដ៏កក់ក្ដៅនៅក្នុងតំបន់ថ្មដា ខេត្តពោធិ៍សាត់, ភូមិព្រៃចាន់ និងភូមិជោគជ័យ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ពលរដ្ឋរស់នៅតំបន់អូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ និងពលរដ្ឋរស់នៅក្នុងតំបន់កៀកនឹងបន្ទាត់ព្រំដែនដែលរងការគំរាមកំហែងពីសំណាក់យោធាថៃឈ្លានពាន។
ពលរដ្ឋដែលមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបានទាំងនេះ បច្ចុប្បន្នស្នាក់នៅជម្រកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ជូនភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មានបណ្ដាញទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ។ ជនភៀសសឹកដែលបានចូលទៅរស់នៅផ្ទះបណ្ដោះអាសន្នបានប្រាប់កម្ពុជាថ្មីថា ក្រោយបានផ្លាស់ចេញពីការរស់នៅក្នុងតង់នៅមណ្ឌលសុវត្ថិភាព មករស់នៅផ្ទះបណ្ដោះអាសន្ន ពួកគាត់ហាក់មានអារម្មណ៍ធូរស្រាលពីការលំបាកក្នុងការរស់នៅជាងមុន ព្រោះផ្ទះបណ្ដោះអាសន្នគឺងាយស្រួលសម្រាក ផ្ទះមានផាកសុខភាព មានខ្យល់ចេញចូល និងមានឯកជនភាពជាងមុន ព្រោះមានបន្ទប់ទឹកផ្ទាល់ខ្លួន ប៉ុន្តែយ៉ាងណាពួកគាត់នៅតែនឹកផ្ទះធ្្លាប់រស់នៅយ៉ាងសុខសាន្ត ឥឡូវត្រូវយោធាថៃព័ទ្ធយក។
គួរគូសបញ្ជាក់ថា កាលពីចុងខែមីនា កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំកម្មវិធសង្ក្រាន្តតាមជំរុំភៀសសឹក ដើម្បីផ្ដល់ស្នាមញញឹម និងរំលែកទុក្ខលំបាកជូនជនភៀសសឹក និងជាការនាំយកកម្លាំងចិត្តបន្ថែមពីជួរក្រោយទៅប្រាប់ថា «អ្នកនៅជួរក្រោយ មិនភ្លេចអ្នកនៅជួរមុខឡើយ»។ សង្ក្រាន្តតាមជំរុំភៀសសឹក ធ្វើឡើងនៅខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដោយមានសកម្មភាពដូចជា ពិធីសូត្រមន្ត ការប្រគុំភ្លេងរាំចង្វាក់ប្រជាប្រិយ ការលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងពិសារអាហារសាមគ្គីយ៉ាងកក់ក្តៅជាទីបំផុត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមេសា ថ្លែងពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹក រងគ្រោះព្រោះសង្គ្រាមឈ្លានពាន ផ្ទះកើតចេញពីការសន្សំរាប់ឆ្នាំ ត្រូវយោធាថៃរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយក ត្រូវបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន ប៉ះទង្គិចផ្លូវចិត្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តពលរដ្ឋភៀសសឹក និងស្នើឱ្យថែរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ខណៈដែលរាជរដ្ឋាភិបាលកំពុងទាមទារយកមកវិញនូវទឹកដីដែលយោធាថៃកំពុងកាន់កាប់។
នៅថ្ងៃទី១៣ ខែមេសា នេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានផ្ញើក្ដីនឹករលឹកដល់ជនភៀសសឹក ជូនពរឱ្យមានសេចក្ដីសុខ សុវត្ថិភាព និងមានសុខភាពល្អ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


