ព័ត៌មានជាតិ
ថ្នាក់ដឹកនាំស.ស.យ.ក ឱ្យយុវជនបន្តជួយសង្គម គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោក ហ៊ុន ម៉ានី និងលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានអំពាវនាវ ឱ្យយុវជនបន្តជួយសង្គម គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក.យ.គ. នៃស.ស.យ.ក បន្ទាប់ពីដំណើរការកម្មវិធីពេញមួយថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងឱកាសបើកសន្និបាត នាពេលព្រឹក ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ពីភាពចាំបាច់ដែលយុវជនត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឱ្យឆ្លើយតបនឹងបរិបទឌីជីថល និងសកលភាវូបនីយកម្ម។

ចំណែកក្នុងពិធីបិទសន្និបាត នាពេលរសៀល បើតាមសេចក្ដីប្រកាសព័ត៌មានដដែល លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖«ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។»។

សន្និបាតក.យ.គ. នៃស.ស.យ.ក បានវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបាន៨៥,៩៧% នៃផែនការសកម្មភាពប្រចាំឆ្នាំល្អជាងឆ្នាំ២០២៤ ដែលសម្រេចបានត្រឹម៨១,៧៣%។លទ្ធផលនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈសកម្មភាពសំខាន់ៗ ដូចជា ការប្រមូលផ្ដុំ និងអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការអភិវឌ្ឍជំនាញឆ្លើយតបទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


