Connect with us

ព័ត៌មានជាតិ

រកឃើញហើយ! សាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២០ ជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៥ ដោយមាន សាលាបឋមសិក្សា ១០ និង អនុវិទ្យាល័យ ១០ ទទួលបានចំណាត់ថ្នាក់ល្អបំផុត បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃថ្នាក់ជាតិ។

ពិធីប្រកាស និងប្រគល់ពានរង្វាន់ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងនាយកសាលាមកពីបណ្តារាជធានី-ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ជ័យលាភីដែលទទួលបាន គឺជាមោទនភាពរបស់អង្គភាពនីមួយៗ និងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ។

ឯកឧត្តមបានអបអរសាទរចំពោះអង្គភាពដែលទទួលបានជ័យលាភី និងបានលើកទឹកចិត្តដល់អង្គភាពដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ល្អ ឱ្យបន្តពង្រឹងគុណភាពការងារ ដើម្បីឆ្ពោះទៅរកការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពជឿទុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា៖«សូមឱ្យស្មារតីអង្គភាពគំរូ ក្លាយជាវប្បធម៌រួមរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងការប្តេជ្ញាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងមនសិការវិជ្ជាជីវៈខ្ពស់»។

ជ័យលាភីសាលាបឋមសិក្សាទាំង ១០

  1. សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព (ខេត្តព្រះសីហនុ) – លេខ១
  2. សាលាបឋមសិក្សា ស្វាយជ្រំ (ខេត្តស្វាយរៀង) – លេខ២
  3. សាលាបឋមសិក្សា សម្តេច ជា ស៊ីម (ខេត្តបាត់ដំបង) – លេខ៣
  4. សាលាបឋមសិក្សា ក្រវ៉ាន់ (ខេត្តសៀមរាប) – លេខ៤
  5. សាលាបឋមសិក្សា ថ្លុកជ្រៅ (ខេត្តកំពង់ចាម) – លេខ៥
  6. សាលាបឋមសិក្សា ពោធិ៍សាត់ (ខេត្តពោធិ៍សាត់) – លេខ៦
  7. សាលាបឋមសិក្សា គីរិសុវណ្ណវង្ស (ខេត្តកំពង់ឆ្នាំង) – លេខ៧
  8. សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ (ខេត្តកំពង់ធំ) – លេខ៨
  9. សាលាបឋមសិក្សា អង្គរជុំ (ខេត្តកំពត) – លេខ៩
  10. សាលាបឋមសិក្សា ចតុមុខ (រាជធានីភ្នំពេញ) – លេខ១០

ជ័យលាភីអនុវិទ្យាល័យទាំង ១០

  1. អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា (ខេត្តសៀមរាប) – លេខ១
  2. អនុវិទ្យាល័យ បាក់អំរែក (ខេត្តបាត់ដំបង) – លេខ២
  3. អនុវិទ្យាល័យ ភ្នំយ៉ាត (ខេត្តប៉ៃលិន) – លេខ៣
  4. អនុវិទ្យាល័យ សម្តេចឪ (ខេត្តព្រះសីហនុ) – លេខ៤
  5. អនុវិទ្យាល័យ ឈូកខ្សាច់ (ខេត្តកំពង់ធំ) – លេខ៥
  6. អនុវិទ្យាល័យ សង្គមថ្មី (ខេត្តព្រះវិហារ) – លេខ៦
  7. អនុវិទ្យាល័យ ទួលថ្ម (ខេត្តកំពង់ចាម) – លេខ៧
  8. អនុវិទ្យាល័យ អន្លង់អក (ខេត្តកំពង់ចាម) – លេខ៨
  9. អនុវិទ្យាល័យ អរញ្ញរង្សី (ខេត្តសៀមរាប) – លេខ៩
  10. អនុវិទ្យាល័យ បរកែវ (ខេត្តរតនគិរី) – លេខ១០

កម្មវិធីជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ត្រូវបានរាជរដ្ឋាភិបាលអនុវត្តក្នុងគោលបំណងជំរុញការប្រកួតប្រជែងប្រកបដោយសុខភាព លើកកម្ពស់គុណភាពសេវាសាធារណៈ និងពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម