ព័ត៌មានជាតិ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនថា ថៃគ្មានមូលដ្ឋានត្រឹមត្រូវក្នុងការលុប MOU ជាមួយកម្ពុជានោះទេ
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបដិសេធ និងច្រានចោលចំពោះអនុសាសន៍របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃឱ្យលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាចាត់ទុកថាការលុប MOU ដោយភាគីតែម្ខាងនេះគឺគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃប្រទេសទាំងពីរកន្លងមក។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នាលើការបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ MOU 2000 ត្រូវបានកម្ពុជា និងថៃចុះហត្ថលេខា ព្រមទាំងយកទៅតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិរួចរាល់ ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី។ ថៃមិនអាចយកហេតុផលនិងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីលុប MOU នេះទេ។
ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ(យោងតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវ្យ៉ែន ស្ដីពីច្បាប់សន្ធិសញ្ញា VCLT ឆ្នាំ១៩៦៩»»។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថែមទៀតថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្ដិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្ដិភាព និងអភិវឌ្ឍន៍បានឡើយ។

កាលពីថ្ងៃទី២៤ ខែមីនា ប្រធានគណៈកម្មាធិការពិសេសព្រឹទ្ធសភាថៃ លោក Noppadon Inha បានប្រកាសពីការស្នើលុបចោលអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ជាមួយកម្ពុជាដោយថាអាចធ្វើទៅបានព្រោះកម្ពុជាបានបំពានដែនអធិបតេយ្យ និងជីវិតជនស៊ីវិលថៃ។
គួរឱ្យដឹងថាអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (ហៅកាត់ថាMOU ឆ្នាំ២០០០) ត្រូវបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដោយភាគីកម្ពុជាតំណាងដោយទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង ហើយប្រទេសថៃតំណាងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក សុមបាន ប៉ារីប៉ាត្រា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


