Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គ្រោងនឹងប្រកាសប្រាប់ពិភពលោកថា ភូមិកោះស្រឡៅជាតំបន់អព្យាក្រឹត្យកាបូន

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន រំពឹងទុកជាមុនថា កម្ពុជា គ្រោងនឹងប្រកាសប្រាប់ពិភពលោកថា ភូមិកោះស្រឡៅជាតំបន់អព្យាក្រឹត្យកាបូនដំបូង ដោយកំពុងប្រឹងប្រែងការពារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានជូនពលរដ្ឋមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ចំណោមប្រទេស ១១ ក្នុងតំបន់អាស៊ាន មិនទាន់មានកោះណា ឬកន្លែងណា ប្រកាសថា អព្យាក្រឹត្យកាបូន ដូចកម្ពុជានោះទេ យើងចាប់ផ្តើមការពារ និងអភិវឌ្ឍន៍ពីពេលនេះទៅ ដោយសង្ឃឹមថា ឆ្នាំនេះ ឬឆ្នាំក្រោយ ប្រកាសទូទាំងពិភពលោកថា កោះស្រឡៅ ជាតំបន់អព្យាក្រឹត្យកាបូនទី ១»។ នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងក្នុងពិធីបុណ្យកោងកាង នៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន សង្កត់ធ្ងន់ទៀតថា នៅពេលកោះស្រឡៅប្រកាសពីអព្យាក្រឹត្យកាបូន ច្បាស់ថា ការទាក់ទាញការវិនិយោគទុន និងភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន។

លោករដ្ឋមន្រ្តីបរិស្ថាន ជឿជាក់ថា កំណើនអ្នកទេសចរបរទេសនឹងចាប់អារម្មណ៍មកលេងក្នុងមូលដ្ឋានភូមិកោះស្រឡៅ ដោយប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលតាមរយៈការលក់ផលិតផលប្រចាំតំបន់របស់ខ្លួនទៅអតិថិជន។

គួរជម្រាបថា កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ទៅកាន់លេខាធិការដ្ឋានសញ្ញាខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុសកម្មភាព កាត់បន្ថយជាអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូបនាពេលអនាគត។

ដើម្បីសម្រេចបានគោលដៅនេះ ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តបង្កើតតំបន់អព្យាក្រឹត្យកាបូននេះ ក្រសួងកំពុងប្រែក្លាយភូមិកោះស្រឡៅឲ្យតំបន់ដែលមានបរិស្ថានអនាម័យសោភ័ណភាព គ្រប់គ្រងសំណល់សំរាម ដាំស្តារភាពរេចរឹលព្រៃឈើ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាជូនមូលដ្ឋាន។

ទន្ទឹមនោះ លោក អ៊ាង សុផល្លែត ស្នើសុំឲ្យអង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ប្រឹងប្រែងរក្សាបានអនាម័យបរិស្ថានល្អ កុំចោលសំរាមលើទឹក ឬកាប់បំផ្លាញព្រៃកោងកាង។ ក្នុងនោះ ក្រសួងផ្តល់នូវអំពូលសូន្យា ជាង ៣០០ ដើម អំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ , ខួងអណ្តូងយកទឹកសាប , ធុងសំរាម , ម៉ូតូដឹកជញ្ជូនសំរាម , សាងសង់សាលារៀន , ប៉ុស្តិ៍សុខភាព , និងកសាងផ្លូវបេតុងជុំវិញភូមិកោះស្រឡៅជាដើម។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ថ្លែងដែរថា ការដាំស្តារព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ជីវៈចម្រុះសមុទ្រ និងទប់ស្កាត់ការបំពុលសមុទ្រ គឺជាការងារដ៏ចំាបាច់ និងទាមទារ ឲ្យមានការចូលរួមពីគ្រប់ភាគី ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ជាក់ស្តែង “ពិធីបុណ្យ កោងកាង សន្តិភាព” នាថ្ងៃនេះ ពិតជាកម្មវិធីមួយដ៏មានសារៈសំខាន់ និងបានចូលរួមពីគ្រប់ សមាសភាពពាក់ព័ន្ធ ជាពិសេសនិស្សិត យុវជន និងសិស្សានុសិស្ស ដែលជាអ្នកបន្តវេន ដើម្បីស្វែងយល់ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការថែរក្សា ការពារគម្របបៃតង និងជីវៈចម្រុះសមុទ្រ និងទប់ស្កាត់ការបំពុលសមុទ្រ។

លោកស្រីអភិបាលខេត្ត បានរំលេចទៀតថា កោះកាពិ និងតំបន់ព្រៃកោងកាង ដែលជា ដែនជម្រកដ៏សុខសាន្ត នៃជីវៈចម្រុះគ្រប់ប្រភេទ ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលសក្តានុពល ទាំងនេះពិតជាស័ក្តិសមជាខេត្តគោលដៅអេកូទេសចរណ៍ និងជាតំបន់ឆ្នេរសមុទ្រធម្មជាតិដ៏ស្រស់ស្អាត ហើយត្រូវបានបញ្ចូលជាសមាជិកក្លឹប ឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវ បានប្រសិទ្ធនាមថា’តារារះនាទិសនិរតី”៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម