Connect with us

ព័ត៌មានជាតិ

អតីតនិស្សិតខ្មែរពីជប៉ុន ជាស្ពានដ៏រឹងមាំ នៃមិត្តភាពកម្ពុជា–ជប៉ុន

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា អតីតនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន គឺជាស្ពានតភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ នៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC) កាលពីល្ងាចថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និង អតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន សរុបជាង ១០០ រូប។

នាឱកាសនោះ ក្នុងនាមជាអតីតនិស្សិតជប៉ុនម្នាក់ លោក ហេង សួរ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និង បង្ហាញក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ដោយលោកបានលើកឡើងថា កម្មវិធីនេះ មិនត្រឹមតែជាឱកាសសម្រាប់អតីតនិស្សិតខ្មែរពីជប៉ុនបានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និង ជួបគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនង “ប្រជាជន និង ប្រជាជន” ដែលជាគ្រឹះ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និង ជប៉ុន ផងដែរ។

លោក ហេង សួរ បានបន្តថា ប្រទេសជប៉ុន បានបង្កើតសក្តានុពលយ៉ាងធំដល់អតីតនិស្សិតទាំងផ្នែកបុគ្គលិកលក្ខណៈ និង វិជ្ជាជីវៈ ដែលប្រែក្លាយពួកគាត់ទៅជាអ្នកដឹកនាំ និង អ្នកចូលរួមដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និង អនាគត។ ជាក់ស្តែង អនុប្រធានទី ២ នៃព្រឹទ្ធសភា និង រដ្ឋមន្ត្រី ៣ រូប បច្ចុប្បន្នរបស់កម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ក៏ជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជប៉ុនផងដែរ។

លោក ហេង សួរ ក៏បានគូសបញ្ជាក់ពីប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថា «ដំណើររបស់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន គឺមិនត្រឹមតែសម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងស្ពានទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ»។

លោកបញ្ជាក់ថា តាមរយៈការគាំទ្រប្រកបដោយសប្បុរសធម៌ពីរាជរដ្ឋាភិបាល និង ប្រជាជនជប៉ុន កម្មវិធីអាហារូបករណ៍ MEXT, JDS និង JICA បានជួយឲ្យជនជាតិខ្មែរជាង ១ ០០០ នាក់ ទទួលបានបរិញ្ញាបត្រពីជប៉ុន ខណៈនិស្សិតជាង ៦០០ នាក់ កំពុងបន្តការសិក្សានៅទីនោះ ដែលកំពុងធ្វើជាស្ពានភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ។

ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក ហេង សួរ ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិជាទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និង រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសអប់រំដ៏មានតម្លៃចំពោះលោក ក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម