Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ ច្បាប់កាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័ន UNCLOS ជាមូលដ្ឋានសំខាន់ពង្រឹងការពារជាតិកម្ពុជា

បានផុស

នៅ

ក្នុងព្រះរាជសារដែលដាក់ជូនពិធីបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗនេះ គឺជាវិធានការដ៏សមស្រប និងមានសារៈសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដែនសមុទ្រ និងធនធានសមុទ្រ។ ទន្ទឹមនឹងនេះ វាក៏រួមចំណែកបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងព្រះរាជសារដដែល ព្រះមហាក្សត្របានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិ ស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ព្រះអង្គក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ឱ្យចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីរួមគ្នាការពារ និងកសាងមាតុភូមិឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះ ព្រះមហាក្សត្របានសម្តែងព្រះរាជសោមនស្សរីករាយចំពោះសមិទ្ធផលសំខាន់ៗដែលថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាសម្រេចបានក្នុងអំឡុងចន្លោះសម័យប្រជុំកន្លងមក ដោយចាត់ទុកថា សមិទ្ធផលទាំងនោះបានឆ្លុះបញ្ចាំងពីការអនុវត្ត និងការបំពេញតួនាទីស្នូលរបស់រដ្ឋសភាប្រកបដោយគណនេយ្យភាពខ្ពស់ ស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ជាធរមាន។

ព្រះរាជសារក៏បានកោតសរសើររាជរដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ថា បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញវិនិយោគ ការបង្កើតការងារ ការបង្កើនសមត្ថភាពផលិត និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។

ព្រះរាជសារបានបញ្ជាក់ទៀតថា សមាជិករដ្ឋសភាបានចុះជួបប្រជាពលរដ្ឋនៅទូទាំងប្រទេសយ៉ាងសកម្ម ដើម្បីស្វែងយល់ពីសុខទុក្ខ ក្តីកង្វល់ និងតម្រូវការរបស់ពលរដ្ឋ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ សមាជិករដ្ឋសភាក៏បានចូលរួមលើកកម្ពស់សាមគ្គីភាពជាតិ តាមរយៈការគាំទ្រកងកម្លាំងការពារជាតិ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តឆ្លើយតបចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាងដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ព្រះរាជសារបានចាត់ទុកថា ការណ៍នេះឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដែលស្រឡាញ់សន្តិភាព ស្អប់សង្គ្រាម និងគោរពច្បាប់អន្តរជាតិ។

សូមជម្រាបថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន៨ជំពូក និង២០មាត្រា ត្រូវបានប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញការហ្វឹកហាត់យោធា ខណៈប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាការប្រញាប់ ដោយសារស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង ខណៈកម្ពុជាមានតម្រូវការកងទ័ពបន្ថែមដើម្បីការពារបូរណភាពទឹកដី៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម