Connect with us

ព័ត៌មានជាតិ

និស្សិតឆ្នើមកម្ពុជា ៦រូប ជាប់អាហារូបករណ៍ Fulbright ត្រៀមទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅអាមេរិក

បានផុស

នៅ

និស្សិតកម្ពុជាឆ្នើមចំនួន ៦រូប បានជាប់ក្នុងកម្មវិធីថ្នាក់អាហារូបករណ៍ Fulbright ដោយទទួលបានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការប្រកាសរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benjamin Chiang ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតទាំង៦រូប ដើម្បីអបអរសាទរចំពោះសមិទ្ធផលរបស់ពួកគេ និងជូនពរឱ្យទទួលបានជោគជ័យ មុនពេលចេញដំណើរទៅកាន់សហរដ្ឋអាមេរិក នារដូវស្លឹកឈើជ្រុះខាងមុខនេះ។

បើតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និស្សិតទាំងនេះនឹងបន្តការសិក្សាដែលមានសារៈប្រយោជន៍ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រួមមាន ការសិក្សាសារមន្ទីរ សេដ្ឋកិច្ចសុខាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម ចិត្តវិទ្យាអង្គការ និងសុខភាពសាធារណៈ

Fulbright គឺជាកម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងវប្បធម៌ជាមួយបណ្តាប្រទេសជុំវិញពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តាមរយៈការផ្តល់អាហារូបករណ៍នេះ គឺផ្អែកលើសមត្ថភាព និងគុណសម្បត្តិ ដែលផ្តល់ឱកាសដល់និស្សិត អ្នកស្រាវជ្រាវ គ្រូបង្រៀន និងអ្នកជំនាញវិជ្ជាជីវៈ ដើម្បីទៅសិក្សា បង្រៀន ឬធ្វើការស្រាវជ្រាវនៅក្រៅប្រទេស។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គូសបញ្ជាក់ដែរថា ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករបស់និស្សិតកម្ពុជាទាំងនេះ គឺចំពេលខួបលើកទី ២៥០ឆ្នាំ នៃការបង្កើតសហរដ្ឋអាមេរិក និងខួប៨០ឆ្នាំ នៃកម្មវិធីអាហារូបករណ៍ Fulbright ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យរបស់អាមេរិក។ ដូចនេះ ក្នុងនាមជាទូតវប្បធម៌ និស្សិតកម្ពុជាទាំង៦រូប ត្រូវបានរំពឹងថានឹងនាំយកទស្សនៈ និងបទពិសោធដ៏មានតម្លៃរបស់កម្ពុជា ទៅចែករំលែកនៅក្នុងបរិយាកាសសិក្សានៅសហរដ្ឋអាមេរិក ក្នុងន័យដើម្បីលើកកម្ពស់ការយល់ដឹងទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម