Connect with us

ព័ត៌មានជាតិ

លោក យក់ ប៊ុនណា៖ ព្រះរាជក្រឹត្យ ស្ដីពីលក្ខខន្តិកៈ នៃអង្គគ្រូបង្រៀន មិនធ្វើឱ្យបាត់បង់ប្រយោជន៍ស្របច្បាប់របស់មន្ត្រីឡើយ

បានផុស

នៅ

រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ថ្លែងថាកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការរៀបចំព្រះរាជក្រឹត្យ ស្ដីពីលក្ខខន្តិកៈ នៃអង្គគ្រូបង្រៀន ធ្វើឡើងដើម្បីធានាសុខដុមនីយកម្មប្រព័ន្ធគ្រប់គ្រងមន្ត្រីទាំងអស់ និង​មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់របស់មន្ត្រីឡើយ។  លោក យក់ ប៊ុនណា ថ្លែងដូច្នេះ ក្នុងវេទិកាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខខន្តិកៈ នៃអង្គគ្រូបង្រៀន រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី១៩ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ថ្លែងដូច្នេះ៖«គ្រប់ការកែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីឱ្យមានការរីកចម្រើន។[…] ចំណុចមួយទៀតដែលកាន់តែសំខាន់ គឺការធានាថា ការកែទម្រង់ មិនធ្វើឱ្យមន្ត្រីរបស់យើងណាម្នាក់បាត់បង់ប្រយោជន៍ទេ។ ការកែទម្រង់ពីមួយដំណាក់កាលទៅមួយដំណាក់កាល សុទ្ធតែការកែទម្រង់ដែលថែរក្សា និងផ្ដល់នូវអត្ថប្រយោជន៍បន្ថែមដល់មន្ត្រីរបស់យើងឱ្យស្របតាមដំណើរការនៃការវិវត្តផ្នែកសង្គមសេដ្ឋកិច្ចកម្ពុជា។ សង្គមសេដ្ឋកិច្ចមានការរីកចម្រើនពីមួយដំណាក់កាលៗមួយដំណាក់កាល ការកែទម្រង់ ការផ្ដល់ផលប្រយោជន៍ចំពោះមន្ត្រីរបស់យើង គឺស្របទៅតាមដំណើរការ នៃការវិវត្តនេះ។»។

លោក យក់ ប៊ុនណា បញ្ជាក់ជាថ្មីថា តាំងពីដើមរៀងមក រដ្ឋាភិបាលមិនដែលដាក់ចេញវិធានការណាមួយធ្វើឱ្យបាត់បង់ប្រយោជន៍ស្របច្បាប់របស់មន្ត្រីឡើយ ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺរដ្ឋាភិបាលតែងតែបន្ថែមអត្ថប្រយោជន៍ជូនជានិច្ច ជាក់ស្ដែងប្រាក់បៀវត្សរ៍របស់គ្រូបង្រៀនគឺរដ្ឋាភិបាលដំឡើងជូនជានិច្ច។

ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន»  មានគោលបំណងប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានសង្គតិភាពនៅទូទាំងប្រទេស។ លក្ខន្តិកៈថ្មីនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលិកអប់រំទាំងអស់ ដែលបានទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស និងកំពុងបំពេញការងារក្នុងវិស័យអប់រំ ទាំងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រះរាជក្រឹត្យនេះជាចំណុចរបត់ថ្មីមួយក្នុងអភិបាលកិច្ចវិស័យអប់រំ ដោយផ្លាស់ប្តូរពីការគ្រប់គ្រងបែបបែកខ្ញែក មកជាប្រព័ន្ធគ្រប់គ្រងរួមមួយ ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលទើបនឹងប្រកាសដាក់ចេញ បាននាំមកនូវរចនាសម្ព័ន្ធឋានានុក្រមច្បាស់លាស់ និងយន្តការលើកទឹកចិត្តថ្មីៗសម្រាប់បុគ្គលិកអប់រំក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៅទូទាំងប្រទេស។

ព្រះរាជក្រឹត្យថ្មីនេះ បុគ្គលិកអប់រំត្រូវបានរៀបចំឱ្យស្ថិតក្នុងក្របខ័ណ្ឌប្រភេទ «ក» ដែលបែងចែកជា ៣ កម្រិត ផ្អែកលើគុណវុឌ្ឍ និងកម្រិតបង្រៀន រួមមាន៖ (១)ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម៖ គ្រប់គ្រងបុគ្គលិកអប់រំចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ដែលបំពេញមុខងារនៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ។ (២) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន៖ គ្រប់គ្រងបុគ្គលិកអប់រំដែលបំពេញមុខងារនៅកម្រិតមធ្យមសិក្សាបឋមភូមិ និង(៣) ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតបឋម៖ គ្រប់គ្រងបុគ្គលិកអប់រំនៅកម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា។ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន មានអានុភាពអនុវត្តចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម