Connect with us

ព័ត៌មានជាតិ

កម្ពុជាចាប់ដៃជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បន្តជំរុញកិច្ចការពារសិទ្ធិពលករចំណាកស្រុក

បានផុស

នៅ

កម្ពុជា និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានជំរុញសន្ទុះកិច្ចសហប្រតិបត្តិការសម្រាប់កិច្ចការពារ និងការលើកកម្ពស់សិទ្ធិពលករចំណាកស្រុក ក្រោយជំនួបសន្ទនារវាងលោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ និងលោកស្រី Amy Pope អគ្គនាយិកានៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប ដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ភាគីទាំងពីរ បានលើកឡើងពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ IOM បន្ថែមទៀត រួមទាំងការជំរុញការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់។

បន្ថែមពីនេះ គឺការរួមសហការគ្នាទៅលើការលើកកម្ពស់ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព មានរបៀបរៀបរយ និងស្របច្បាប់ ដើម្បីជាប្រយោជន៍ដល់ពលករទេសន្តរប្រវេសន៍ និងសង្គមទាំងមូល។

លោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអង្គការ IOM ព្រមទាំងបានអរគុណចំពោះអង្គការអន្តរជាតិមួយនេះ ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ការការពារ និងលើកកម្ពស់សិទ្ធិ ព្រមទាំងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសន៍។

តាមការគូសបញ្ជាក់របស់លោក កែ សុវណ្ណ IOM ក៏បានចូលរួមចំណែកក្នុងការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងសង្គមរបស់ពលករកម្ពុជា ដែលបានធ្វើមាតុភូមិនិវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

គួរកត់សម្គាល់ថា ការប្ដេជ្ញារបស់កម្ពុជា និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានកើតឡើងចំពេលដែលពលករចំណាកស្រុកកម្ពុជាត្រូវបានរាយការណ៍ថាបានប្រឈមនឹងការរើសអើង ស្អប់ខ្ពើម និងការប្រើប្រាស់អំពើហិង្សានៅក្នុងប្រទេសថៃ ក្រោយភាពតានតឹងថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសតែម្ដងប្រទេសម្ចាស់ផ្ទះឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម