Connect with us

ព័ត៌មានជាតិ

រដ្ឋនឹងរៀបចំចាប់ឆ្នោតចែកដីឡូតិ៍និងផ្ទះជូនពលរដ្ឋក្រីក្រចំនួន ៥៣៨គ្រួសារនៅចុងខែកក្កដានេះ

បានផុស

នៅ

លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) នឹងរៀបចំពិធីចាប់ឆ្នោតបែងចែកលេខដីឡូតិ៍ និងផ្ទះជូនប្រជាពលរដ្ឋចំនួន ៥៣៨គ្រួសារ ដែលមានសិទ្ធិទទួលដីក្នុងគម្រោងទី១ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១:០០រសៀល នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងបង្កើនការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

តាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន ផ.ក.អ. ការចាប់ឆ្នោតនឹងធ្វើឡើងដោយអញ្ជើញតំណាងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ឆ្នោតជំនួសប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរមកពីបណ្តាខេត្ត។ ពិធីនេះនឹងផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ទទក លេខាធិការដ្ឋាន ផ.ក.អ. និងទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ព្រមទាំងបណ្តាញផ្សព្វផ្សាយផ្សេងៗ។

លេខាធិការដ្ឋានឱ្យដឹងថា បុគ្គលមានសិទ្ធិទទួលដីក្នុងគម្រោងទី១ មានសរុប ៧៥៥គ្រួសារ។ ក្នុងនោះ ២១៧គ្រួសារ ដែលជាអ្នកធ្វើសមាហរណកម្មនៅនឹងកន្លែងបានចាប់ឆ្នោតរួចតាំងពីខែឧសភា ឆ្នាំ២០២៦ និងភាគច្រើនបានចូលរស់នៅលើទីតាំងថ្មីរួចហើយ ខណៈ ៥៣៨គ្រួសារ ដែលនៅសល់នឹងត្រូវចាប់ឆ្នោតលើកនេះ។

គម្រោងទី១ ស្ថិតនៅតំបន់អូរសែវ៣ ឃុំស្មៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដីឡូតិ៍នីមួយៗមានទំហំ ៣ហិកតា ហើយរដ្ឋបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវ ស្រះទឹក និងសាងសង់ផ្ទះជាមួយបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការសរុប ៧៧០ខ្នង។

លេខាធិការដ្ឋាន ផ.ក.អ. ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិទទួលដី ឱ្យតាមដានការចាប់ឆ្នោត និងផ្ទៀងផ្ទាត់ឈ្មោះ លេខដីឡូតិ៍ និងផ្ទះរបស់ខ្លួន ព្រមទាំងត្រៀមលក្ខណៈចូលតាំងទីលំនៅថ្មី និងចុះកិច្ចសន្យាទទួលដីឡូតិ៍ និងផ្ទះតាមការជូនដំណឹងជាបន្តបន្ទាប់។

ដំណើរការចាប់ឆ្នោតនេះ ចែកចេញជា ៥រាជធានី-ខេត្តម្តងនិងបន្តបន្ទាប់÷
១. ខេត្តបាត់ដំបង(៥៦គ្រួសារ) ខេត្តស្ទឹងត្រែង (៦០គ្រួសារ) ខេត្តព្រះវិហារ(១៨គ្រួសារ) ខេត្តបន្ទាយមានជ័យ(១២គ្រួសារ) និងខេត្តកោះកុង(៥គ្រួសារ)
២. ខេត្តកំពង់ចាម(៦៣គ្រួសារ) ខេត្តរតនគិរី (២៥គ្រួសារ) ខេត្តតាកែវ(១៦គ្រួសារ) ខេត្តកំពង់ធំ(១០គ្រួសារ) និង ខេត្តឧត្តរមានជ័យ (៥គ្រួសារ)
៣. ខេត្តត្បូងឃ្មុំ ៤៥គ្រួសារ) ខេត្តព្រៃវែង(២៣គ្រួសារ) ខេត្តសៀមរាប(១៣គ្រួសារ) ខេត្តកំពត(១២គ្រួសារ) និង រះសីហនុ(៥គ្រួសារ) ខេត្តព្រះសី
៤. ខេត្តក្រចេះ(៤៥គ្រួសារ) រាជធានីភ្នំពេញ(២២គ្រួសារ) ខេត្តកំពង់ស្ពឺ (១២គ្រួសារ) ខេត្តស្វាយរៀង(១០គ្រួសារ) និងខេត្តប៉ៃលិន(៤គ្រួសារ)
៥. ខេត្តកែប(១គ្រួសារ) ខេត្តកណ្តាល (៣៦គ្រួសារ) ខេត្តពោធិ៍សាត់(១៩គ្រួសារ) ខេត្តមណ្ឌលគិរី(១៣គ្រួសារ) និង ខេត្តកំពង់ឆ្នាំង (៨គ្រួសារ)។

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើត ឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រីជាប្រធាន៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម