Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថារដ្ឋមិនមានតម្រូវការកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាល ទៅបង្កើនឱ្យវិស័យយោធាឡើយ

បានផុស

នៅ

ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋមិនមានតម្រូវការក្នុងការកាត់បន្ថយកញ្ចប់ថវិកាពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីទៅបង្កើនឱ្យវិស័យការពារជាតិនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងផែនការហិរញ្ញវត្ថុ រយៈពេលមធ្យម ក្នុងឆ្នាំ២០២៧-២០២៩ កំណើនការវិនិយោគថវិកាជាតិ ដែលវិភាជទៅវិស័យសុខាភិបាល និងអប់រំ គឺមានការកើនឡើង អត់មានថយទេ។ ដោយឡែកវិស័យការពារជាតិដែលត្រូវបង្កើនដូចគ្នានេះក៏ដោយ តែសម្ដេចបានអះអាងថា រដ្ឋមានថវិកាគ្រប់គ្រាន់ ដោយមិនទាន់ត្រូវកាត់ពីវិស័យអប់រំ និងសុខាភិបាល ដើម្បីយកទៅបំពេញឱ្យតម្រូវការរបស់វិស័យការពារជាតិទេ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកល​​វិទ្យា​ល័យសៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នៅព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែវិនិយោគខ្លាំងលើវិស័យអប់រំ និងវិស័យសុខាភិបាល។

សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្ស គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងទូលាយជាមួយជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជាសុខភាពរបស់ពួកគេ សំដៅឆ្លើយតបកាន់តែប្រសើរសមស្របទៅនឹងទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។

តាមការគូសបញ្ជាក់របស់សម្ដេចធិបតី រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នឹងបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធិ និងសមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ដ និងកម្មវិធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱកាសនូវការអនុវត្តសក្ដានុពលផលលាភវិទ្យាសាស្រ្ដកម្ពុជាដែលកំពុងតែមាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម