ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញមន្ត្រីសុខាភិបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់ដល់សុខភាពកុមារ
មន្ត្រីជាន់ខ្ពស់សុខាភិបាល បានជំរុញឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត ដល់សុខភាពកុមារ។

បន្ថែមពីនោះ ខណៈអត្រាមរណភាពទារក និងកុមារ ក្នុងកម្ពុជា នៅតែជាក្តីកង្វល់នៅឡើយ។

ថ្លែងក្នុងពិធីបើកសន្និសីទរោគកុមារលើកទី២ រៀបចំឡើងដោយមន្ទីរពេទ្យកុមារជាតិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃទី២២តុលានេះ លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ គួរឲ្យកត់សម្គាល់។ ប៉ុន្តែបញ្ហានេះ នៅតែជាក្តីកង្វល់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។
លោកសាស្ត្រាចារ្យ បានបន្ថែមថា «ប្រសិនបើកុមារមានបញ្ហាសុខភាព វានឹងប៉ះពាល់ដល់ការលូតលាស់ និងបញ្ហាស្មារតីរបស់កុមារ ហើយវិបត្តិទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារកុមារផ្ទាល់ប៉ុណ្ណោះទេ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាការអភិវឌ្ឍជាតិយើងផងដែរ»។
យោងតាមសូចនាករ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) នៅឆ្នាំ២០៣០ អត្រាមរណភាពរបស់មាតា ត្រូវនៅក្រោម៧០ លើ១០០០០០ កំណើតរស់ អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ ត្រូវនៅក្រោម២៥ លើ១០០០កំណើតរស់ និងអត្រាមរណភាពរបស់ទារក ទើបកើតត្រូវនៅក្រោម១២ លើ១០០០ កំណើតរស់។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ដើម្បីសម្រេចឲ្យបានជោគជ័យតាមសូចនាករនេះ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំទាំងអស់គ្នា ទាំងចំណេះដឹង និងសមត្ថភាពជំនាញរៀងៗខ្លួន។
លោកសាស្ត្រាចារ្យ អេង ហួត បានមានប្រសាសន៍បន្តទៀតថា «ខ្ញុំសូមក្រើនរំលឹកដល់មន្ត្រីសុខាភិបាលទាំងអស់ សូមខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ ក្នុងនោះ ដើម្បីផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមភាពដោយប្រកាន់ខ្ជាប់នូវការថែទាំល្អ ជាមួយនឹងការព្យាបាលត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេសកុមារដែលមកទទួលសេវានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស»។
លោកសាស្ត្រាចារ្យ បញ្ជាក់ទៀតថា ជាក់ស្ដែង សន្និសីទនាពេលនេះ មានសារសំខាន់ណាស់សម្រាប់គ្រូពេទ្យ គិលានុបដ្ឋាកឆ្មប និងអ្នកជំនាញឯកទេសផ្សេងៗគ្នា ក្នុងវិជ្ជាជីវៈសុខាភិបាលទាំងអស់ ជួបគ្នាធ្វើបទបង្ហាញ ពិភាក្សាគ្នា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ក្នុងការអនុវត្ត ទាក់ទិននឹងការថែទាំ ព្យាបាលកុមារ និងទារក។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានបន្ថែមថា សន្និសីទនេះ ធ្វើឡើងក៏ដើម្បីបង្កើនចំណេះដឹង ពង្រឹងគុណភាព សមត្ថភាពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ឲ្យកាន់តែប្រសើរឡើង។ ពិសេស ពង្រឹងការទំនាក់ទំនងរវាងអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ក្នុងប្រព័ន្ធការងារ ដែលទាក់ទងគ្នា ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនទាំងអស់គ្នា ក៏ដូចជា ចែករំលែកបទពិសោធន៍ថ្មីៗទាន់ហេតុការណ៍ អំពីសុខុមាលភាពទារក កុមារក្នុងប្រទេសកម្ពុជា និងសកលលោក។
លោកវេជ្ជបណ្ឌិត បានបន្តថា «ក្នុងថ្ងៃនេះ យើងមិនត្រឹមតែស្វែងយល់ អំពីការថែទាំ ព្យាបាលប៉ុណ្ណោះទេ ថែមទាំងបានប្រៀបពីតួនាទីក្នុងការទទួលខុសត្រូវរបស់អ្នកវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាល នូវការធ្វើឲ្យសម្រេចបានគោលដៅយុទ្ធសាស្ត្រសកលថែមទៀត។ ព្រោះថា បញ្ហាសុខភាពរបស់ទារក និងកុមារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»៕



អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


