សុខភាព
មន្ត្រីសុខាភិបាល ណែនាំឱ្យមានការអប់រំផ្សព្វផ្សាយបានទូលំទូលាយពីបញ្ហាប្រឈមនៃជំងឺមាត់ធ្មេញ
ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំឱ្យមន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធ រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែល លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ ចុះពិនិត្យជាក់ស្តែងលើស្ថានភាពទូទៅក្នុងផ្នែកព្យាបាលមាត់-ធ្មេញ របស់មន្ទីរពេទ្យ និងឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីផ្នែកសុខភាពមាត់-ធ្មេញ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្ត មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធចំនួន៤ខេត្តផងដែរ។ ជាមួយគ្នានេះ ក្រៅពីណែនាំឱ្យមានការរៀបចំផែនការអភិវឌ្ឃន៍ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាប្រឈមនៃជំងឺមាត់ធ្មេញ រដ្ឋលេខាធិការ ក៏បានណែនាំអនុសាសន៍គន្លឹះសំខាន់ៗផ្សេងទៀតដូចគ្នា។

លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ បានណែនាំឱ្យមានការរៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការរៀបចំកែលម្អផ្នែកសុខភាពមាត់-ធ្មេញ រៀបចំរចនាសម្ព័ន្ធបុគ្គលិក និងរៀបចំផែនការនៃតម្រូវការឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។ បន្ថែមពីនេះ ណែនាំឱ្យពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ព្រមទាំងស្នើឱ្យគណៈទន្តពេទ្យ និងគណៈគិលានុបដ្ឋាក រៀបចំផែនការអនុវត្តរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ នូវគុណវឌ្ឍិរបស់អ្នកប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ លើសពីនេះ លោករដ្ឋលេខាធិការ ក៏ស្នើសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធការងារគ្រប់គ្រងសេវាឯកជន រួមមានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បន្តចុះពង្រឹងត្រួតពិនិត្យ នៅតាមទីតាំងផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំជំងឺមាត់-ធ្មេញ ឯកជនឱ្យបានហ្មត់ចត់ មុនផ្តល់លិខិតអនុញ្ញាតជូនទៅអតិថិជន ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំដោយ ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ អមដំណើរដោយ លោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល រួមទាំងក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់ការផ្តល់សេវាសុខភាពមាត់-ធ្មេញ ចំនួន០៤មន្ទីរពេទ្យ រួមមាន មន្ទីរពេទ្យបង្អែកព្រៃកប្បាស មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៃមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកអង្គរជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពត នៃមន្ទីរសុខាភិបាលខេត្តកំពត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


