Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​សូទ្រនិគម យក​វិទ្យាល័យ​ដំ​ដែក ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​នៅក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ នៅក្នុង​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ កើន​ឡើងជា​បន្តបន្ទាប់​គួរ​ឲ្យ​ព្រួយបារម្ភ និង​មិនដែល​ធ្លាប់មាន​នៅក្នុង​ខេត្ត​សៀមរាប។

នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១​ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៤៦​នាក់ ភាគច្រើន​ជា​អ្នកស្រុក​ជីក្រែង និង​សូទ្រនិគម ជាពិសេស​អ្នកបម្រើ​ការងារ​នៅ​ហាង ​ពិភព​ធម្មជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ក់ ប្រុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម បានឱ្យដឹងថា ដោយសារតែ​អ្នក​វិជ្ជ​មាន​កូ​វីដ​-១៩​ នៅ​តំបន់​នេះមានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​ឲ្យ​រដ្ឋបាល​ស្រុក​យក​ទីតាំង​វិទ្យាល័យ​ ដំ​ដែក ស្ថិតនៅក្នុង​ទីរួមស្រុក​សូទ្រនិគម ធ្វើជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ដែល​មកពី​ស្រុក​ចំនួន​៣​ ជាប់​ព្រំប្រទល់​គ្នា គឺស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ស្វាយ​លើ។ ឥឡូវនេះ​អាជ្ញាធរ​ស្រុក​បានរៀបចំ​កន្លែង​រួចរាល់​ហើយ ​ដែល​ជំហាន​ដំបូង​នេះ ទីតាំង​នេះ​អាចដាក់​អ្នក​ជំងឺ​បាន​ចំនួន៦០​នាក់។

លោក​បាន​បន្តថា ដោយសារតែ​អ្នកពាក់ព័ន្ធ​មាន​ច្រើន ដូចនេះ​ក្រុម​គ្រូពេទ្យ បាន​ចុះ​ទៅយក​សំ​ណាក​ពួកគាត់​នៅតាម​គោលដៅ​នីមួយៗ ដោយ​មិន​ឲ្យ​ពួកគាត់​ប្រមូលផ្តុំ​គ្នាច្រើន​នោះទេ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ អាជ្ញាធរ​មិនទាន់​សម្រេច​បិទ​ភូមិ​ណាមួយ​នៅឡើយ​ទេ ដោយ​សម្រេច​បិទ​តែ​តាម​តំបន់មួយៗ ដែលមាន​ការប៉ះពាល់​ប៉ុណ្ណោះ ព្រោះ​នៅ​តំបន់​ជនបទ​ អ្នកភូមិ​រស់នៅ​ឆ្ងាយៗ​ពីគ្នា។​

សូមបញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប​បង្ហាញថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានការ​ឆ្លង​រាល​ដាល​ជំងឺកូ​វីដ​-១៩ ក្នុង​សហគមន៍​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង សរុប​ចំនួន​៦៦​នាក់ (ស្រុក​សូទ្រនិគម​៣១​នាក់ និងស្រុក​ជីក្រែង​៣៥​នាក់​) ដែល​ករណីនេះ គឺជា​ការឆ្លង​ក្នុង​សហគមន៍ ហើយ​ពុំទាន់​អាច​កំណត់​មុខសញ្ញា​ច្បាស់លាស់អំពី​ប្រភព នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​ឡើយ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម និងស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល នូវ​វិធានការ​”៣​កុំ ៣​ការពារ​” និង​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បានជា​ប្រចាំ៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម