Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះត្រួតពិនិត្យសម្ភារៈត្រៀមជួយសង្គ្រោះពលរដ្ឋ

បានផុស

នៅ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ នៅទីបញ្ជាការដ្ឋានវិស្វកម្ម ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋខណៈរដូវទឹកឡើងនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេបញ្ជាការរងនៃបញ្ជាការដ្ឋានវិស្វកម្ម បានមានប្រសាសន៍ថា កងកម្លាំងវិស្វកម្មតែងបានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេសការរលំបាក់អគារ ទឹកជំនន់ ហើយបច្ចុប្បន្នកងកម្លាំងមួយចំនួនធំកំពុងចុះបំពេញបេសកកម្មនៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ លើការងារពាក់ព័ន្ធកូវីដ-១៩។

លោកបានបញ្ជាក់ថា ទូក និងសម្ភារៈសង្គ្រោះផ្សេងៗដែលនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានផ្តល់ជូនកន្លងមក គឺត្រូវបានរក្សាទុក និងថែទាំយ៉ាងល្អសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន។ ចំពោះកងកម្លាំង ក៏ត្រូវបានបញ្ជូនឱ្យធ្វើការហ្វឹកហ្វឺនជាមួយកងពលផ្សេងៗដូចជា បញ្ជាការដ្ឋានទ័ពពិសេស ង៧០ជាដើម និងតែងធ្វើការប្រជុំតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងសង្គ្រោះទៀងទាត់រៀងរាល់សប្តាហ៍ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាពកងកម្លាំង។ 

លោក ច័ន្ទ លំផាត់ បានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំងជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងបញ្ហាកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ 

ក្នុងឱកាសនោះ លោក ច័ន្ទ លំផាត់ បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបទឹកជំនន់ ដែលអាចកើតឡើងក្នុងឆ្នាំ២០២១នេះ និងការសង្គ្រោះលើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុ។

ចំណែកលោក  គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. ក៏បានលើកទឹកចិត្តដល់កងកម្លាំងហ្វឹកហ្វឺនលើការប្រើប្រាស់សម្ភារៈដែលបានផ្តល់ជូនកន្លងមក និងត្រៀមខ្លួនជាប្រចាំ ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើងដោយពុំប្រាប់យើងមុនឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម