ព័ត៌មានជាតិ
អាជ្ញាធរមីន និង ARMAC ចុះកិច្ចព្រមព្រៀង លើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ១៩ ខែសីហានេះ បានអញ្ជើញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និង ARMAC លើការអនុវត្តគម្រោង “លើកកម្ពស់កម្មវិធីសង្រ្គោះជនពិការដោយសារមីននៅតាមប្រទេសរដ្ឋសមាជិកអាស៊ាន”។

កម្មវិធីនេះ ផ្តល់មូលនិធិគាំទ្រដោយ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-KOREA Cooperation Fund) ហើយពិធីហត្ថលេខាទ្វេភាគីនេះតំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង លោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC។
ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំនៃ ARMAC លោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រ៊ុយណេដារូសាឡឹម មានប្រសាសន៍ថា គម្រោងនេះត្រូវបានផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន ផ្តោតសំខាន់លើការជួយសង្រ្គោះជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ(AKCF)។

លោកឯកអគ្គរាជទូតបានបន្តទៀតថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកំពុងប្រឈមនឹងបញ្ហាដ៏ធំ ក្នុងការដោះស្រាយជំនួយជនរងគ្រោះនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាការបង្កើននូវតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពសកម្មភាពមីនពាក់ព័ន្ធនៅក្នុងប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ ដែលបានរួមចំណែកសម្រាប់សកម្មភាពមីននៅកម្ពុជា និងតំបន់អាស៊ាន ដែលការគាំទ្រនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនាមជាដៃគូសន្ទនាអាស៊ាន។

លោកបន្តទៀតថា ក្រៅពីជំនួយកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សាធារណរដ្ឋកូរ៉េ ក៏បានផ្តល់ជំនួយគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្ពុជានូវថវិកាប្រមាណ ១០ លានដុល្លារអាមេរិក តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ សម្រាប់ការងារបោសសម្អាតមីន និងការសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា នេះគឹជាការចុះហត្ថលេខាលើកទី២ រវាងអាជ្ញាធរមីន និង ARMAC ដែលលើកទី១ មានតាំងពីឆ្នាំ២០១៨ ចុះហត្ថលេខាលើ អនុ ស្សរណៈយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការទូទៅ។

លោកបានបញ្ជាក់បន្ថែមថា វឌ្ឍនភាពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង ARMAC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់អាស៊ាន តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១៧មក ហើយដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

ក្រៅពីជំនួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស អាល្លឺម៉ង់ ស្វីស ចិន កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកសុខ សន្តិភាព និងស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ដែលកើតឡើងចេញពីកម្លាំងញើសឈាមរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកនូវវិបុលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា។
លោកបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ជាបន្តបន្ទាប់កម្ពុជាបានចូលរួមចំណែកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ដោយមីននៅជុំវិញពិភពលោកអស់ជាច្រើនទសវត្សរ៍មកហើយ ដែលក្នុងនោះចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រ មាណ ៧.៥០០ នាក់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ សម្រាប់បេសកកម្មរក្សាសន្តិភាពរួមទាំងការ ដោះ មីនមនុស្សធម៌នៅក្នុងប្រទេសចំនួន ៩ គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


