Connect with us

ព័ត៌មានជាតិ

កម្ពុជា-យូណេស្កូ លេីកយកវឌ្ឍនភាពការចុះតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចពិភាក្សា

បានផុស

នៅ

កម្ពុជា និងអង្គការយូណេស្កូ លេីកយកមកពិភាក្សា ពីវឌ្ឍនភាព នៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍ នៃព្រះរាជាណចក្រកម្ពុជាប្រចាំនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។

ប្រភពពីក្រសួងវប្បធម៌បានបង្ហាញថា កិច្ចពិភាក្សានោះ បានផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖

ទី១. ប្រធានបទនានា ដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។

ទី២. វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។

ទី៣. កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងការងារសំខាន់ៗមួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ ជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ មានទំហំផៃ្ទដី១៦គុណ១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជា តាមលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ បច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញ មានចម្ងាយ ៤៦០គីឡូម៉ែត្រ។៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម