ព័ត៌មានជាតិ
ក្រុងតាខ្មៅរងជំនន់ទឹកភ្លៀង តើពន្ធនាគារខេត្តកណ្ដាល ប្រឈម និងត្រៀមអ្វីខ្លះ?
ជំនន់ទឹកភ្លៀង បានធ្វើឱ្យតំបន់មួយចំនួននៅក្រុងតាខ្មៅ ខេត្តកណ្តាលរងការជន់លិច។ ស្របពេល ពន្ធនាគារខេត្តកណ្ដាល មានទីតាំងស្របបណ្ដោយស្ទឹងព្រែកត្នោត និងស្ថិតក្នុងក្រុងតាខ្មៅផ្ទាល់ ពន្ធនាគារខេត្តកណ្ដាលជួបប្រឈមអ្វីដែរ ឬទេ និងបានត្រៀមបង្ការអ្វីខ្លះ?

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី០៨ ខែកញ្ញា នេះថា ទន្ទឹមពេលក្រុងតាខ្មៅ ខេត្តកណ្ដាលរងជំនន់ទឹកភ្លៀង ចំពោះពន្ធនាគារខេត្តកណ្ដាល ដែលមានទីតាំងនៅ ក្រុងតាខ្មៅផ្ទាល់ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
លោកមានប្រសាសន៍ថា៖ “ដូចជាមិនអីទេ អូន! ភ្លៀងមានលិចដែរ តែមិនលិចចូលប៉ះពាល់ពន្ធនាគារខាងក្នុងទេ អត់មានអីទេ។ ប្រពន្ធលូរបស់យើង តែរាំងភ្លៀងកន្លះម៉ោង វាហូរចេញអស់ហើយ”។

ប្រធានពន្ធនាគារខេត្តកណ្ដាលរូបនេះបានបញ្ជាក់ទៀតថា លោកតែងតាមដានស្ថានភាពកម្ពស់ទឹក ហើយបើករណីមានជំនន់ទឹកភ្លៀង ឬទឹកជំនន់ឡើងខ្លាំង ខាងពន្ធនាគារក៏ត្រៀមទប់ទល់ និងដោះស្រាយបញ្ហាទឹកជន់ចូលពន្ធនាគារជាយថាហេតុផងដែរ។
លោក ចាត ស៊ីនាង មានប្រសាសន៍ថា៖ “កន្លងមកដូចឆ្នាំទៅ បញ្ហាទឹកជំនន់ឡើងហ្នឹង គឺខាងខ្ញុំបានទិញត្រៀមសម្បកបាវ ហើយត្រៀមដីខ្សាច់យកមកទុកសម្រាប់ច្រក ហើយដាក់នៅកៀនៗមាត់ទ្វារ នៅក្បែរមាត់លូ ដែលលូបង្ហូរចេញ ក្រែងវាផុលម៉ោ។ អ៊ីចឹងយើងត្រៀម យើងច្រកដាក់ជាស្រេចដាក់នៅតាមច្រកផ្លូវនីមួយៗដែលថានឹងអាចទឹកចូល ហើយមួយទៀតយើងត្រៀមម៉ាស៊ីន បើមានករណីហ្នឹងមែន គឺយើងត្រូវបូមចេញ”។
លោក ចាត ស៊ីនាង បានបន្ថែមទៀតថា៖ “សូម្បីប៉ុន្មានថ្ងៃមុន ដែលខ្ញុំមើលឃើញស្ថានភាពអត់ល្អ ក៏ខ្ញុំបានត្រៀមម៉ាស៊ីនបូមទឹក ត្រៀមបាវ ហើយនឹងខ្សាច់រួចជាស្រេច ហើយយើងធ្វើការតាមដានជាប់ជាប្រចាំពីកម្ពស់ទឹកស្ទឹកព្រែកត្នោត”។

គួរបញ្ជាក់ថា ដោយសារបញ្ហាជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅនេះ អាជ្ញាធរខេត្តកណ្ដាលបានបិទមិនឱ្យធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវមួយចំនួនមានផ្លូវលេខ ២០១ ២០៩ ១០៨ ១០៩ ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១ បេ (១១៥) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៧ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់។ ដោយឡែកចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា។

គួររំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានជូនដំណឹង អំពីស្ថានភាព អាកាសធាតុ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញាថា ព្រះរាជាណាចក្រកម្ពុជា ទទួលនូវឥទ្ធិពល ពីបាតុភូតជ្រលង សម្ពាធទាបឥណ្ឌាខ្លាំង ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ ពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និង វៀតណាម រួច នឹងចុះបន្តិចមកលើ ប្រទេសកម្ពុជា ខ្យល់មូសុងនិរតី បក់ក្នុងល្បឿនមធ្យម ទៅបង្គួរ ខ្យល់សមុទ្រ (Sea Breeze) ហើយនឹងវិសម្ពាធចំនួនពីរ ដែលមួយស្ថិតនៅខាងកើត ក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្ន បានបំប្លែងខ្លួន ទៅជាព្យុះ ទី១៣ ឈ្មោះ កុនសុន (STS CONSON) ដែលនឹងមានដំណើរ ឆ្ពោះទៅប្រទេសវៀតណាម ខាងជើង និងវិសម្ពាធមួយទៀត ស្ថិតនៅក្នុងសមុទ្រ ភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើ មិនមានឥទ្ធិពល មកលើកម្ពុជាយើងទេ។
ក្នុងសេចក្តីជូនដំណឹង ខាងលើ បានបញ្ជាក់ថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា ពី ៣១ ទៅ ៣៣ អង្សាសេ ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ទន្ទឹមនោះ បណ្កាខេត្តមួយចំនួន មានជាអាទិ៍ ដូចជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


