Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិ ធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ពេលបើកឡើងវិញ

បានផុស

នៅ

នៅពេលប្រទេសកម្ពុជា បើកទេសចរណ៍អន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលនឹងតម្រូវឲ្យភ្ញៀវទេសចរ ចាក់វ៉ាក់សាំងគ្រប់ដូស ធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចឡើងវិញ នាពេលឆាប់ៗខាងមុខ តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។

ថ្លែងនៅក្នុងជំនួប ជាមួយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិ ឡើងវិញនេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «តាមគម្រោង ដូចដែលសម្តេចតេជោ បានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័ក នៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩»។

លោករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនទេសចរ ត្រៀមលក្ខណៈឲ្យបានរួចរាល់ ក្នុ​ងការ​ដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិ មកទស្សនាកម្សាន្ត នៅកម្ពុជាឡើងវិញ។

លោក គូ ថេអូ អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានឲ្យដឹងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីបំណង ចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញ អគ្គនាយកក្រុមហ៊ុន បានរួសរាន់ត្រលប់ទៅសាធារណរដ្ឋកូរ៉េភ្លាម ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេស​ចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឲ្យភ្ញៀវទេសចរធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការ នាពេលខាងមុខនោះ។

លោកគូ ថេអូ ក៏បានបង្ហាញនូវក្ដីសង្ឃឹម ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យបានច្រើនមកពីប្រទេសចិន ក៏ដូចជាប្រទេសកូរ៉េ ប្រទេសកំណើតរបស់លោកផងដែរ។

សូមជម្រាបថា ថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជានឹងរកលទ្ធភាព​ បើក​ទេស​ចរណ៍​វ៉ាក់​សាំង ដើម្បី​ទាក់​ទាញ​ចំណូល ដោយ​ថា​រលក​ចម្លង​នៃ​ជំងឺ​កូវីដ-១៩ ស្ថិតក្នុង​ស្ថាន​ភាព​ធូរស្រាល និងមា​នភាពស៊ាំក្នុង​សហគមន៍។

សម្តេចតេជោ​ ហ៊ុន សែន បានប្រាប់​ទៅក្រសួងពាក់ព័ន្ធ ឲ្យសិក្សាពីលទ្ធភាពបើកឲ្យមានទេស​ចរណ៍​វ៉ាក់សាំង ដើម្បីឲ្យវិស័យទេសចរណ៍ដំណើរការ​ឡើង​វិញ ក្នុង​ការទាញ​យក​ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ និងពលរដ្ឋ។ តែយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា ការបើកឡើងវិញ សម្រាប់ទេសចរណ៍ក្នុងស្រុក ​ឬទេសចរណ៍សហគម​ន៍​ ត្រូវបន្តអនុវត្តវិធានសុខាភិបាល រួមទាំងគម្លាតសុវត្ថិភាពសង្គម។ ចំណែកទេសចរណ៍ក្រៅប្រទេសវិញ ពេលមកដល់កម្ពុជាត្រូវធ្វើចត្តាឡី ស័កសិន ទើបអាចធ្វើដំណើរ​ឆ្លង​ខេត្តបាន៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម