ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមថា ការតភ្ជាប់វិស័យទេសចរណ៍រវាងកម្ពុជា-ហ្វីលីពីន នឹងកាន់តែរីកចម្រើនបន្ថែមទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន នឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ការបង្ហាញក្ដីសង្ឃឹមបែបនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

ក្នុងជំនួបនេះ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឲ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបញ្ចប់អណត្តិការទូតនៅកម្ពុជា។ លោកស្រី ក៏បានសម្ដែងការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា ផងដែរ។

ជាមួយគ្នានេះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងកោតសរសើរចំពោះភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានជម្រាបជូនសម្តេចធិបតីផងដែរ អំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកស្រី ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច នៃប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់លោកស្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញនិងលើកទឹកចិត្តឲ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។
ដោយឡែក ចំពោះវិស័យទេសចរណ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយលោកប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗ នៅក្នុងប្រទេសហ្វីលីពីនមកកាន់កម្ពុជាបន្ថែមទៀត។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សង្ឃឹមដែរថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេស រវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


