ព័ត៌មានជាតិ
រកឃើញឡដុតភាជន៍បុរាណ នៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ
អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យារកឃើញឡដុតភាជន៍បុរាណមួយ នៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ ដែលតាមការសន្និដ្ឋានបឋមប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។

លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ និងជាប្រធានក្រុមកំណាយបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបាន ជ្រើសរើសទីតាំងធ្វើកំណាយនៅលើទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដើម្បីឲ្យដឹងច្បាស់ថាទួលនេះ ជាកន្លែងផលិតភាជន៍សម័យបុរាណមែនឬអត់ ព្រោះកន្លងមកមានអ្នកស្រាវជ្រាវមួយចំនួនប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើនរាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំងនៅផ្នែកខាងលិចខ្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយបំណែកភាជន៍ និងបំណែកដីដុត ដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ។


លោកបានបញ្ជាក់ឲ្យដឹងបន្ថែមថា គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈការធ្វើកំណាយ យើងក៏បានឃើញជញ្ជាំងឡនិងភាជន៍ភាគច្រើនជារបស់ប្រើប្រចាំថ្ងៃមាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ។ បន្ទាប់ពីកំណាយរួច យើងនឹងសុំគោលការណ៍សិក្សាស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារសម្រាប់ឲ្យភ្ញៀវទេសចរមកទស្សនា និងការសិក្សារបស់អ្នកស្រាវជ្រាវផង។


លោក ឆាយ រចនា ប្រធានការិយាល័យអង្គរភាពកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរក៏បានបញ្ជាក់ដែរថា ខណៈនេះយើងមិនទាន់ដឹងរូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់អុស មានអង្កត់ផ្ចិតត្រឹម៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ព័ន្ធឡដីឆ្នាំងនេះពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។ ចំណែកភាជន៍នៅទីនេះ ក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើនគឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។


លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានិភ័យដល់សំណង់បុរាណ និងវត្ថុបុរាណដែលប្រទះឃើញនៅក្នុងរណ្តៅ ដោយបែងចែកជាក្រឡាដើម្បីងាយស្រួលប្រមូលទិន្នន័យ ថតរូបរចនាសម្ព័ន្ធនៃទីតាំងវត្ថុបុរាណ ការប្រើប្រាស់ឧបករណ៍តូចៗ និងអាចគ្រប់គ្រងរចនាសម្ព័ន្ធឡបានល្អ។ លក្ខណៈរចនាសម្ពន្ធឡដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ព្រោះរូបរាង រចនាសម្ព័ន្ធឡនេះ ខុសពីឡភាគច្រើននៅតំបន់អង្គរ ដែលធំៗ វែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ ក៏ធ្លាប់ឃើញនៅតាមការដ្ឋានកំណាយលើទីតាំងមនុស្សរស់នៅដែរ តែយើងមិនដឹងថា វាមានប្រភពមកពីឡណាទេ។ ដូច្នេះវានឹងក្លាយជាភស្តុតាងខ្លះៗសម្រាប់ការស្រាវជ្រាវរកប្រភពនៃឡ និងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាច្បាស់លាស់។

តាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះ ប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន៕
អត្ថបទ៖ វត្តី
សូមចុចអាន៖ ផ្លូវក៏ធ្វើស្អាត អង្គរសង្ក្រាន្តសៀមរាប អាចរៀបចំជាថ្មី នៅឆ្នាំ២០២២
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


