វប្បធម៌ ជំនឿ
ជនជាតិហុងគ្រីកាន់កាប់សមុច្ច័យឯកជនមួយរូប ស្ម័គ្រប្រគល់វាយនភណ្ឌសូត្រខ្មែរ១៨៣ផ្ទាំង និងវត្ថុបុរាណដែលលួចនាំចេញក្នុងសម័យសង្គ្រាមមកឱ្យកម្ពុជាវិញ
ជនជាតិហុងគ្រី លោក István Zelnik ដែលជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរសំខាន់ៗមកឱ្យកម្ពុជាវិញ ដូចជាវាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត សមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទម្រាំឈានដល់កិច្ចព្រមព្រៀងប្រគល់មកវិញនាពេលនេះ គឺក្រសួងបាន ចរចាជាច្រើនឆ្នាំ និងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណ និងចាត់ទុកការស្ម័គ្រចិត្តរបស់លោក Zelnik បច្ចុប្បន្នមានវ័យជាង៧០ឆ្នាំ ដែលបានប្រគល់រតនវត្ថុសិល្បៈមកកាន់កម្ពុជាវិញ ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយកន្លងមក លោកក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយទើបផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។

ក្រសួងវប្បធម៌ វាយតម្លៃថា៖«ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើ សាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកកម្ពុជាវិញ។ »។

«រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពី ក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។»។ នេះជាការបន្ថែមរបស់ក្រសួងវប្បធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា បានស្វាគមន៍ចំពោះមាតុភូមិនិវត្តន៍នៃរតនវត្ថុសិល្បៈខ្មែរ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថារតនវត្ថុសិល្បៈខ្មែរដ៏មានតម្លៃទាំងនេះ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ។
គិតចាប់ពីឆ្នាំ១៩៩៦រហូតដល់ខែកក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ ដែលក្នុងនោះ ៥៧១ប្រគល់ដោយសប្បុរជន និង ៥២៧ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា ត្រូវបានប្រគល់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វ៊ីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ណ័រវេស និង ចិន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទទួលបានពីសហរដ្ឋអាមេរិករៀបចំក្នុងខែសីហាឆ្នាំ២០២៤ថា បើកម្ពុជាគ្មានសង្គ្រាម ក្រុមជនទុច្ចរិតមិនអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់ឱ្យបរទេស ហើយព្រលឹងដូនតាខ្មែរក៏មិនត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើតឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
ចុចអាន៖សម្ដេចធិបតី ថា ដោយសារសង្គ្រាម ទើបវត្ថុបុរាណខ្មែរត្រូវបានលួចយកទៅលក់នៅបរទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


