Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ផ្តាំទៅពលរដ្ឋ កុំលក់របស់របរពីបុរាណទៅបរទេសអស់ពេក ទុកជាអត្តសញ្ញាណជាតិផង

បានផុស

នៅ

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត យង់ ពៅ បានផ្តាំទៅប្រជាជនខ្មែរគ្រប់រូប កុំលក់របស់របរប្រើប្រាស់ពីសម័យកាលមួយទៅសម័យកាលមួយអស់ពេក ជាពិសេស គឺលក់ទៅបរទេស ព្រោះប្រទេសជិតខាងមួយចំនួន បន្លំយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង ដូចនេះ គួរទុកជាអត្តសញ្ញាណជាតិ ព្រោះលោកបារម្ភខ្លាចបាត់បង់ ស្របពេលបច្ចបុប្បន្ន ជាសម័យកាលជឿនលឿន និងទំនើបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥  ក្នុងពិធីបើកដំណើរការគម្រោង ស្តីពី ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី  នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឱ្យកូនខ្មែរបានស្គាល់ និងយល់ច្បាស់ពីប្រវត្តិសាស្ត្រខ្មែរតាមរយៈការចារលើសិលាចារឹកដោយបុព្វបុរសខ្មែរក្នុងសម័យមហានគរ។

តាមការសង្កេត ក្នុងពេលសម័យកាលជឿនលឿននេះ មនុស្សនិយមជ្រើសរើសប្រើប្រាស់អ្វីដែលផ្តល់ភាពងាយស្រួល និងលឿន ហើយបោះបង់ចោលនូវសម្ភារៈចាស់ៗពីបុរាណ ធ្វើឱ្យកូនខ្មែរជំនាន់ក្រោយ ជាពិសេស អ្នករស់នៅទីក្រុង មិនសូវបានដឹង និងស្គាល់ពីរបស់របរប្រើប្រាស់ពីជំនាន់មុនឡើយ។

រូបភាពពី៖ ក្រសួងព័ត៌មាន

ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងនៅក្នុងពិធីបើកកម្មវិធីដែរថា ប្រទេសមួយចំនួនបានតាំងបង្ហាញរបស់របរប្រើប្រាស់ជាប្រចាំថ្ងៃ តាមសម័យកាលមួយៗដើម្បីបង្ហាញពីស្ថានភាពសង្គមក្នុងប្រទេសគេ ប៉ុន្តែ កម្ពុជាហាក់មិនមាននោះទេ បែរជាប្រទេសជិតខាងទិញយកទៅទុក ហើយយូរៗទៅថា របស់ទាំងនោះគឺជាកម្មសិទ្ធិរបស់ខ្លួន។ លោកនិយាយថា៖ “មានអ្នកនយោបាយខ្លះចេះតែថាប្រទេសអ្នកលក់ មិនមែនប្រទេសណាអ្នកលក់ គឺប្រជាជនលក់។ គេប្រមូលទិញទៅ គេថាគេជាម្ចាស់ទៅវិញ”

លោកបណ្ឌិត ផ្តាំទៅប្រជាពលរដ្ឋខ្មែរ កុំចេះតែប្រមូលលក់របស់របរទាំងនោះពេក ចំណែកខាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកបណ្ឌិត យង់ ពៅ ក៏សំណូមពរឱ្យជួយប្រមូលទិញវត្ថុប្រើប្រាស់ចាស់ៗពីប្រជាពលរដ្ឋ ដើម្បីរក្សាឱ្យបាននូវអត្តសញ្ញាណជាតិខ្មែរ។

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា៖ “ចេះតែលក់ៗអ៊ីចឹងមិនកើតទេ បាត់អត្តសញ្ញាណជាតិអស់ហើយ ឥឡូវសម័យគ្រឿងយន្ត សម័យAI អ្វីដែលជារបស់យើងធ្លាប់ប្រើ បាត់អស់រលីង”

រូបភាពពី៖ ក្រសួងព័ត៌មាន

លោកលើកឡើងថា កាលពីសម័យមហានគរ បុព្វបុរសខ្មែរបានចារលើផ្ទាំងសិលា ទើបកូនខ្មែរជំនាន់ក្រោយអាចសិក្សា និងបានស្គាល់ពីវត្ថុប្រើប្រាស់ និងរឿងរ៉ាវប្រវត្តិសាស្ត្រទាំងអស់នេះ ប៉ុន្តែសម័យបច្ចុប្បន្នមិនមែនដូចសម័យមុនឡើយ។ ហេតុនេះ ទើបលោកបណ្ឌិត យង់ ពៅ ជំរុញឱ្យសិស្សនិស្សិតជំនាន់ក្រោយ​ខិតខំសិក្សា កត់ត្រាឱ្យបានច្រើនដើម្បីអាចបន្សល់ដល់ជំនាន់ក្រោយៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម