Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២៨នេះ វ៉ាក់សាំង ៣លានដូសទៀតនឹងមកដល់កម្ពុុជា សរុប ៣៥,៥ លានដូស

បានផុស

នៅ

នៅក្នុងការអញ្ជើញទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ថ្ងៃនេះយើងបានទទួលវ៉ាក់សាំង៣លានដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ និងនៅថ្ងៃ២៨ នឹងមកដល់៣លានដូសទៀត ជាការបញ្ជាទិញបន្ថែម ដែលសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល លោកបានធ្វើការសម្រេច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់បន្តថា៖ “សរុបមកវ៉ាក់សាំងទាំងនៅថ្ងៃនេះ និងនៅថ្ងៃទី២៨ ទៀត វ៉ាក់សាំងទាំងអស់ គឺ ៣៥,៥ លានដូស ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំងបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា”។

មន្ត្រីជាន់ខ្ពស់នៃ ក្រសួងសុខាភិបាលរូបនេះ បានលើកឡើងថា វ៉ាក់សាំង ៣លានដូសទៀតដែលមកដល់កម្ពុជានៅថ្ងៃទី២៨ ខែកញ្ញានេះ ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដើម្បីយកចាក់សម្រាប់កុមារអាយុ៦ ដល់ក្រោម១២ឆ្នាំ និងដូសជំរុញ ដែលប្រមុខរដ្ឋាភិបាល លោកបានសម្រេចដាក់ចេញជាផ្លូវការ។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្ថែមថា៖ “យើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន តាមការប្រកាសរបស់រដ្ឋាភិបាលចិន។ ដូចនេះនៅខែតុលា កម្ពុជានឹងទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសចិនបន្ថែមទៀត។ អ៊ីចឹងយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំងកូនក្មេង និងមនុស្សចាស់ ដែលរាជរដ្ឋភិបាលបានកំណត់”។

គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១  មាន  ៩៨,៦២%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៦៤,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម