ព័ត៌មានជាតិ
ការបង្ហាញមុខចុងក្រោយរបស់ឯកឧត្តម ងួន ញ៉ិល មុនពេលមរណភាព
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពនៅវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមរណភាពនេះ ត្រូវបានចាត់ទុកថា ជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ដើម្បីបម្រើប្រទេសជាតិ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់កម្ពុជាថ្មីថាមុនទទួលមរណភាព ឯកឧត្តម ងួន ញ៉ិល បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ ដែលនេះគឺជាសកម្មភាពចុងក្រោយគេ ដែលឯកឧត្តមបានបង្ហាញមុខ។
លោកបញ្ជាក់យ៉ាងដូច្នេះថា “សកម្មភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មុននឹងទទួលមរណភាពក្រោយគេបង្អស់ គឺលោកអញ្ជើញគោរពវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះ បរមរតនកោដ្ឋ ហើយនៅថ្ងៃទី១៧ គាត់ចាប់ផ្ដើមឈឺតែម្តង”។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់គាត់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។

ក្រោយមរណភាពនេះ ថ្នាក់ដឹកកំពូលៗ មន្រ្តីរាជការតាមស្ថាប័ននានា ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ។ ចំណែកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី បម្រើប្រទេសជាតិ។

នៅក្នុងសារលិខិតរំលែកទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា “មរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ុល គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី បម្រើប្រទេសជាតិ ហើយសូមវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តម នីតិកោសលបណ្ឌិត ដែលបានចូលរួមចំណែកតស៊ូ រំដោះប្រទេសជាតិ និងអភិវឌ្ឍជាតិមាតុភូមិនៅគ្រប់កាលៈទេសៈ ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក”។
ដើម្បីជំនួសតំណែងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព គណបក្សប្រជាជនកម្ពុជា ក៏បានដាក់បេក្ខភាពទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្តផងដែរ ហើយលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើសំណើរដាក់បេក្ខជនអនុប្រធានរដ្ឋសភាជំនួសឯកឧត្តម ងួន ញ៉ិល នៅថ្ងៃទី២២ ខែវិច្ឆិកា ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត៕
អត្ថបទៈ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


