រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកដំណើរការឧស្សាហកម្មទេសចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជិត២ឆ្នាំ ដែលជាឱកាសសម្រាប់វិចិត្រករ និងអាជីវករសិល្បៈ ក្នុងការចាប់ផ្តើមអាជីវកម្មសារជាថ្មីម្តងទៀតក្រោយជាប់គាំង រហូតដល់មានការបិទខ្ទប់ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ដែលបង្ខំឱ្យមនុស្សជាច្រើន ចាប់យកការងារថ្មីដែលមិនមែនជាទេពកោសល្យដើម្បីជីវភាពរស់នៅរបស់ពួកគេ។ សិល្បករ និងអាជីវករសិល្បៈមួយចំនួនបានសម្តែងក្តីសង្ឃឹមថាជីវិតពួកគេនឹងវិលទៅរកស្ថានភាពដូចពីមុន។
អ្នកនាង Yorng Leyta ម្ចាស់ហាងគំនូរ “ហាងនាងខ្ញុំត្រូវបានបាត់បង់ចំណូលស្ទើរតែទាំងស្រុងនៅពេលដែលមានការផ្ទុះឡើងនៃកូវីដ-១៩ សម្រាប់អតិថិជនវិញក៏លែងគាំទ្រផងដែរ។ អតិថិជនចាស់ដែលលក់តាមផ្សារ ឬ ប្រាសាទនានា ក៏ឈប់កុម្ម៉ង់ផងដែរ។ ទាំងអស់នេះគឺបណ្តាលមកពី កូវីដ-១៩ ។ និយាយសង្ខេបមកគឺបាត់ស្ទើរតែទាំងស្រុងតែម្តង។” “ដូច្នេះហាងរបស់ខ្ញុំក៏កាត់បន្ថយចំនួនបុគ្គលិកផងដែរ។ ហាងរបស់ខ្ញុំបន្តកុម្ម៉ង់គំនូរពីជាងគំនូរដែលជិតស្និទ្ធ តែប៉ុណ្ណោះ។ ដូច្នេះជាងគំនូរផ្សេងៗក៏ត្រូវបង្ខំចិត្តផ្លាស់ប្ដូរការងារពីជាងគំនូរ ទៅជា កសិករ ធ្វើការតាមរោងចក្រ ឬ ធ្វើការងារជាកម្មករសំណង់។”
លោក Seab Khorn ជាងគំនូរ “ខ្ញុំបានជួបការលំបាកច្រើនចាប់តាំងពីមានការរីករាលដាលកូវីដ-១៩ មក។ អ្នកទេសចរណ៍ក៏ថយចុះ ផ្សារក៏បិទ ចឹងក៏បាត់បង់ការងារ តាំងពីមានការរីករាលដាលជំងឺនេះ។ ” “ពេលនោះខ្ញុំរកការងារអ្វីក៏មិនបាន សូម្បីចិញ្ចឹមសត្វក៏មិនបានផល គិតអស់ជាច្រើនថ្ងៃ ខ្ញុំក៏សម្រាច់ចិត្តធ្វើការជាកម្មករសំណង់ ទាំងខ្ញុំគ្មានបទពិសោធន៍។ ពេលដែរទៅធ្វើជាកម្មករសំណង់ លុះត្រាតែមានគេចង្អុលប្រាប់ទើបខ្ញុំអាចធ្វើបាន។ ចឹងពេលនោះខ្ញុំពិតជាពិបាកខ្លាំងបំផុត។”
លោក Hean Phearum ជាងគំនូរ “កាលពីមុនខ្ញុំគឺជាជាងគូរគំនូរប្រភេទគំនូរទឹកនៅតាមតំបន់ទេសចរណ៍ប្រសាទបុរាណខ្មែរ។ រយៈពេល២ឆ្នាំមកនេះ ខ្ញុំមិនដែលធ្វើការនោះទៀតទេ។ បច្ចុប្បន្នខ្ញុំមកជួយប្រពន្ធខ្ញុំលក់អាហារពេលព្រឹកតិចតួចនៅផ្ទះ។”
លោក Khorn Oun ម្ចាស់ហាង “រយៈពេល២ឆ្នាំមកនេះ ការដាក់លក់គំនូរ ឬ វត្ថុអនុស្សាវរីយ៍ គឺមិនមានការគាំទ្រទាល់តែសោះ មិនត្រឹមតែការលក់ដូរវត្ថុអនុស្សាវរីយ៍នោះទេ សូម្បីតែសណ្ឋាគារ ភោជនីយដ្ឋានមួយចំនួនក៏ត្រូវបានបិទទ្វារដែរ។ “
អ្នកនាង Yorng Leyta ម្ចាស់ហាងគំនូរ “សម្រាប់ការបើកទេសចរណ៍សម្រាប់អ្នកបានចាក់វ៉ាក់សាំងនេះ ខ្ញុំសង្ឃឹមថាហាងរបស់ខ្ញុំមានភ្ញៀវត្រឹមតែ៧០% តែប៉ុណ្ណោះ ព្រោះតែពួកយើងមិនដឹងថានឹងមានបញ្ហាអ្វីកើតឡើងនូវពេលខាងមុខនោះទេ។ តែខ្ញុំក៏បានត្រៀមរួចជាស្រេចសម្រាប់ក្រុមការងារដើម្បីគូរគំនូរថ្មីៗសម្រាប់តាំងលក់ ជាបណ្តោះអាសន្ន ទោះមិនសូវមានការគាំទ្រច្រើន ក៏យើងសង្ឃឹមថានឹងលក់បានខ្លះៗសម្រាប់ការរស់នៅប្រចាំថ្ងៃ។”
លោក Seab Khorn ជាងគំនូរ “ខ្ញុំមិនទាន់មានសង្ឃឹមថាអ្វីៗនឹងត្រលប់មកល្អដូចដើមនោះទេនៅពេលនេះ ព្រោះថាអាចនឹងមានការប្រែប្រួលនាពេលខាងមុខ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ពេលទទួលបានដំណឹងល្អនេះ ដែលរាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការវិស័យទេសចរណ៍សារជាថ្មី។ ដូច្នោះពួកខ្ញុំនឹងអាចត្រលប់មកធ្វើការដូចពីមុនវិញ ហើយនឹងមានជីវភាពល្អប្រសើរដូចមុន។ គំនូររបស់ខ្ញុំភាគច្រើនលក់ឲ្យអតិថិជននៅផ្សាររាត្រី ឬនៅមុខប្រាសាទអង្គរវត្ត។”
លោក Khorn Oun ម្ចាស់ហាង “ខ្ញុំសូមអរគុណ សម្ដេចតេជោ ហ៊ុនសែន ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋខ្មែរ ស្ទើរតែ១០០% ហើយក៏បានដាក់ឲ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ ខ្ញុំសង្ឃឹមថាអាជីវកម្មរបស់ខ្ញុំនឹងអាចដំណើរការម្តងទៀតដូចគ្នា។” “ខ្ញុំសូមផ្ដាំផ្ញើទៅកាន់ប្រជាជនខ្មែរក៏ដូចជាភ្ញៀវអន្តរជាតិថា ផ្លូវថ្មីចំនួន ៣៨ ខ្សែនៅខេត្តសៀមរាមនឹងរួចរាល់ដាក់ឲ្យដំណើរការនៅខែធ្នូខាងមុខនេះ ដូច្នេះសូមអញ្ជើញមកលេងខេត្តសៀមរាបទាំងអស់គ្នា។”