ព័ត៌មានជាតិ
កម្ពុជាផ្អាកនាំចូលជ្រូកពីក្រៅប្រទេសដើម្បីសម្រួលការកកស្ទះជ្រូកក្នុងស្រុក
បច្ចុប្បន្នកម្ពុជា កំពុងតែមានការកកស្ទះជ្រូកក្នុងស្រុក ដែលតម្រូវឲ្យមានការផ្អាកការនាំចូលពីក្រៅប្រទេសបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការលក់ចេញជ្រូកក្នុងស្រុក។

រាជរដ្ឋាភិបាល បានសម្រេចផ្អាកការនាំចូលជ្រូកពីក្រៅប្រទេសរយៈពេលជាង ១សប្តាហ៍ហើយ ដោយសារ ជ្រូកនៅកម្ពុជា កំពុងប្រឈមតម្លៃ និងកកស្ទះខ្លាំងនៅក្នុងស្រុក ចាប់តាំងពីភ្ជុំបិណ្ឌមក។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលជ្រូកនៅកម្ពុជាកកស្ទះនេះ ដោយសារ កសិករសម្រុកចិញ្ចឹមដើម្បីត្រៀមផ្គត់ផ្គង់នាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ ប៉ុន្តែពេលនោះ រដ្ឋាភិបាលបានសម្រេចបិទភ្ជុំបិណ្ឌនៅថ្ងៃបិណ្ឌទី៤ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យតម្រូវការផ្គត់ផ្គង់ធ្លាក់ចុះ ជ្រូកចាប់ផ្តើមកកស្ទះរហូតមកដល់ពេលនេះ។

លោក ស្រ៊ុន ពៅ បន្តថា ប្រសិនបើជ្រូកនៅតែបន្តការនាំចូលពីក្រៅប្រទេសទៀតនោះ កសិករខ្មែរអាចនឹងឈប់ចិញ្ចឹម ព្រោះតម្លៃកាន់តែធ្លាក់ចុះទាប និងឈានដល់ការបិទអាជីវកម្ម។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ ជ្រូករស់នៅកម្ពុជា លក់ចេញក្នុងតម្លៃ១គីឡូ ចន្លោះពី ៧០០០រៀល ទៅ ៨០០០រៀល ដែលតម្លៃនេះមិនដល់ថ្លៃដើមផង។ លោកថា ដើម្បីឲ្យកសិករជាអ្នកចិញ្ចឹមជ្រូកអាចរស់បាន ទាល់តែតម្លៃជ្រូករស់ចាប់ពី ១១,០០០រៀល ទៅ ១២,០០០រៀល ទើបអាចរស់ស្រួល។ កន្លងមករដ្ឋាភិបានបានអនុញ្ញាតឱ្យនាំចូលជ្រូកពីក្រៅប្រទេសចំនួនជាង៨០០ក្បាលក្នុងមួយថ្ងៃ ក្រោយមកបានបន្ថយមកនៅត្រឹម៣០០ ក្បាលវិញ ហើយថ្មីៗនេះ ក៏បានសម្រេចផ្អាកការនាំចូលទាំងស្រុង ដើម្បីកាត់បន្ថយការកកស្ទះជ្រូកក្នុងស្រុក។

ជុំវិញបញ្ហានេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា អគ្គនាយកដ្ឋាន បានជជែកជាមួយក្រុមហ៊ុននាំចូល និងអ្នកចិញ្ចឹមអំពីបញ្ហាការកកស្ទះជ្រូកក្នុងស្រុកនេះ ហើយភាគីក្រុមហ៊ុន និងអ្នកចិញ្ចឹមក៏បានស្នើសុំឲ្យមានការផ្អាកនាំចូលបណ្តោះអាសន្ន ដើម្បីរំដោះជ្រូកក្នុងស្រុក។ លោកបន្តថា នៅកាលៈទេសៈនេះ ជ្រូកក្រៅស្រុកក៏មានតម្លៃថ្លៃដែរ ដែលជាកត្តាមិនអាចនាំចូលបាន។ លោក តាន់ ផាន់ណារ៉ា បន្ថែមទៀតថា« ការពិតនាំចូលក៏វាអត់កើតដែរ តម្លៃជ្រូកនៅក្រៅស្រុកថ្លៃជាងនៅក្នុងស្រុក ហើយក៏មិនមានលិខិតជាផ្លូវការនៃការផ្អាកការនាំចូលដែរ ប៉ុន្តែនេះជាការធ្វើការរវាងអគ្គនាយកដ្ឋានជាមួយក្រុមហ៊ុននាំចូល ជាមួយសមាគម និងអ្នកចិញ្ចឹម ដោយយើងបានជជែកគ្នាស្រួលបួលទេ»។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប៉ាន់ស្មានថា ការផ្អាកនេះអាចមានរយៈពេល ១ខែ ទម្រាំបញ្ចេញជ្រូកកកស្ទះនៅក្នុងស្រុកបានធូរឡើងវិញ។ បើតាមលោក ស៊្រុន ពៅ កាលពីជាប់គាំងក្នុងវិបត្តិកូវីដ-១៩ កម្ពុជា មានតម្រូវការទីផ្សារជ្រូកប្រមាណពី ៧០០០ក្បាលទៅ ៨០០០ក្បាលក្នុង១ថ្ងៃ។ លោកសង្កត់ធ្ងន់ថា ក្រោយបើកប្រទេសឡើងវិញវិញនេះ តម្រូវការផ្គត់ផ្គង់ជ្រូកនៅកម្ពុជា អាចកើនឡើងពីជាង ៨,០០០ក្បាលទៅ ១០,០០០ក្បាល ពោលគឺចំនួននេះ គិតជ្រូក១ក្បាលទម្ងន់ ១០០គីឡូក្រាម។

បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួន ៥០០កសិដ្ឋាន ដែលតួលេខនេះ គិតតែកសិដ្ឋានដែលមានជ្រូកធំៗចាប់ពី៥០០ក្បាលឡើង។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


