ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ៖ ប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ពីព័ត៌មានក្លែងក្លាយ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រទេសកម្ពុជាយើង បានជួបប្រទះជាច្រើនណាស់មកហើយ ទាក់ទងនឹងដំណឹងក្លែងក្លាយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឲ្យមហាជន បាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល ក៍ដូចជាធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ដោយសារការចែករំលែកបន្ត មិនបានមើលគ្រប់ជ្រុងជ្រោយ។
ប៉ុន្ដែមានអ្នកសារព័ត៌មានយើង បានដើរតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្ត របស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិតដែលខ្លួនមាន។ ដូច្នេះនាពេលនេះ ប្រជាពលរដ្ឋភាគច្រើន លែងមានជឿ និងទំនុកចិត្ដលើព័ត៌មានមិនពិតនោះហើយ ព្រោះពួកគាត់បានអានថ្លឹងថ្លែង ព័ត៌មានមិនពិតនោះយ៉ាងត្រឹមត្រូវ និងយកចិត្ដទុកដាក់បំផុត។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ផលប៉ះពាល់នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើង នៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប ស្ថិតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១នេះ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា សិក្ខាសាលានាពេលនេះ យើងនឹងពិភាក្សាលើការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មាន ដោយសារតែ៖ ទី១. បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ។ ទី២. ផ្ដល់នូវព័ត៌មានសំខាន់ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ និងទី៣. ពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាលវិញ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ-ឡានឆាង ដែលបានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តាប្រទេសតាមទន្លេមេគង្គមានដូចជា៖ មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមជាដើម ហើយដែលក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ បានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅ ស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។
ចំណែកលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងដែរថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាល នៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយអគ្គស្នងការនគរបាលជាតិ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ ដែលជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។
ប៉ុន្តែក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយដោយសេរី ក្នុងបណ្តាញសង្គម ដោយ សារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រង របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ គឿន វេត




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


