ព័ត៌មានជាតិ
គិតត្រឹមចុងឆ្នាំ មានពលករខ្មែរត្រឡប់មកពីបរទេស ជាង ២៦ ម៉ឺននាក់ ភាគច្រើនមកពីថៃ
មន្ត្រីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ មករហូតដល់ចុងឆ្នាំ ២០២១ មានពលករខ្មែរត្រឡប់មកពីក្រៅប្រទេសជាង ២៦ ម៉ឺននាក់ ក្នុងនោះភាគច្រើនត្រឡប់មកពីប្រទេសថៃ។

ថ្លែងក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតី សម្ដេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកទី ២០ ខែធ្នូនេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ស គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងពេលជំងឺដង្ហើមកាច់សាហាវ កូវីដ-១៩ បានចាប់ផ្ដើមរាតត្បាតដល់បណ្ដាប្រទេស ក្នុងតំបន់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច ការងាររបស់ពលករ ដោយតាមបណ្ដារោងចក្រ សហគ្រាស កសិដ្ឋាន និងការដ្ឋានការងារជាច្រើន ត្រូវបានបិទស្ទើរទាំងស្រុង ធ្វើឱ្យពលករបាត់បង់ការងារ និងប្រាក់ចំណូល ជាពិសេស ពលករគ្មានជំនាញ និងមានចំណូលទាប។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា៖ “ការបិទព្រំដែនរបស់ព្រះរាជាណាចក្រថៃ ក្នុងអំឡុងខែមីនា ឆ្នាំ ២០២០ បានជំរុញពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃជាច្រើន តាមបណ្ដោយបន្ទាត់ព្រំដែន រួមទាំងច្រកព្រំដែនកំរៀង នេះផងដែរ។ យើងត្រួតពិនិត្យយ៉ាងត្រឹមត្រូវបំផុតទាំងបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ និងការគ្រប់គ្រងភាពរាយប៉ាយតាមច្រកមិនផ្លូវការ ទាំងយប់ ទាំងថ្ងៃ”។
លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា គ.ជ.ប.ជ បានបើកទូលាយឱ្យអង្គការដៃគូ និងអង្គភាពស្ថាប័ននានា បានចូលរួមសហការគាំទ្រ ក្នុងគោលដៅ ឆ្លើយតបទៅ នឹងគោលបំណង និងតួនាទីរបស់ មណ្ឌលទទួលពលករកំរៀង ដែលបានកំណត់។
លោកស្រី បានបន្ថែមថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន មណ្ឌលទទួលពលករកំរៀង ផ្ដោតការយកចិត្តទុកដាក់លើពលករដែលវិលត្រឡប់ ឬត្រូវបានញ្ជូនត្រឡប់ពីប្រទេសថៃ ក្នុងស្ថានភាពនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលប្រឈមនឹងភាពងាយរងគ្រោះ ដោយការឆ្លងជំងឺកូវីដ-១៩ ផង និងប្រឈមនឹងការខ្វះខាតជីវភាព ទ័លច្រក ដែលនាំទៅ ដល់ការចាញ់កលបោកបញ្ជោតអូសទាញពីមេខ្យល់ជួញដូរមនុស្សផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អំពើជួញដូរមនុស្សជាអំពើសាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលយើងមិនអាចបណ្តែតបណ្តោយ និងទទួលយកបាន ហើយរាជរដ្ឋាភិបាលក៏មិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ថ្វីត្បិតតែអគារមណ្ឌលទទួលពលករកំរៀងនេះមិនសូវធំ តែអគារនេះមានតម្លៃធំធេងណាស់ គ្រប់គ្រាន់ដែលអាចបង្ហាញពីការយកចិត្តទុកដាក់ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ប្រភេទ និងពលរដ្ឋដែលគ្រោះថ្នាក់ដោយសារការជួញដូរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅ ពេលបច្ចុប្បន្ន យើងមានអគារមណ្ឌលទទួលពលករនៅ ខេត្តបាត់ដំបងមួយកន្លែង និងនៅ ខេត្តបន្ទាយមានជ័យមួយកន្លែងទៀត ហើយក្នុងករណីចាំបាច់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអាចពិនិត្យលទ្ធភាពកសាងនៅ អគារមណ្ឌលបន្ថែមទៀត ដូចជាក្នុងខេត្តឧត្តរមានជ័យជាដើម៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


