ព័ត៌មានជាតិ
មន្រ្តីក្រសួងមហាផ្ទៃ៖ ការប្រឆាំងការជួញដូរមនុស្ស ទាមទារការរួមគ្នារវាងអន្តរស្ថាប័ន និងសហការប្រទេសនានា
ការប្រឆាំងការជួញដូរមនុស្ស ទាមទារការរួមសហការគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងអង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសនានា ដើម្បីឈានឆ្ពោះទៅរកទស្សនវិស័យលុបបំបាត់បទល្មើសជួញដូរមនុស្ស។ នេះជាការអះអាងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) នាថ្ងៃទី១៣ ខែវិច្ឆិកានេះ លោកស្រី ជូ ប៊ុនអេង បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានស្ថានភាពនឹងនរ ហើយការងារនេះ គឺជាការងាររួមរវាងអន្តរក្រសួង-ស្ថាប័ន និងអង្គការជាដៃគូ ទាំងជាតិ និងអន្តរជាតិ រួមទាំងកិច្ចសហការជាមួយបណ្ដាប្រទេសនានា ដើម្បីកាត់បន្ថយការរងគ្រោះរបស់ជនរងគ្រោះ និងឈានឆ្ពោះទៅរកទស្សនវិស័យលុបបំបាត់នូវបទល្មើសតែម្ដង។
ចំពោះសិក្ខាសាលានាពេលនេះ ត្រូវបានលោកស្រីរដ្ឋលេខាធិការ ជូ ប៊ុនអេង បញ្ជាក់ថា គឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនថ្នាក់ជាតិ ដើម្បីវាយតម្លៃលើចំណុចខ្វះខាត ចន្លោះប្រហោងនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ក៏ដូចជាពិភាក្សាប្រមូលធាតុចូល និងទិន្នន័យពីអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំបន្ត (២០២៤-២០២៨)។ លោកស្រី បន្តថា ការប្រមូលព័ត៌មាន និងធាតុចូលពីអ្នកអនុវត្តផ្ទាល់ និងអ្នកអនុវត្តសកម្មលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាព័ត៌មានមូលដ្ឋាន ដោយពួកគាត់ជាអ្នកចុះផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធ ចុះតាមសហគមន៍ ដើម្បីប្រមូលមតិពីជនរងគ្រោះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស សង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ នឹងផ្ដល់ជាទិន្នន័យ ធាតុចូល និងព័ត៌មានខុសៗគ្នា ដើម្បីយកមកបញ្ចូលគ្នាសម្រាប់កំណត់នូវចំណុចជាអាទិភាពក្នុងផែនការ៥ឆ្នាំទៅមុខ ក៏ដូចជារួមគ្នាប៉ាន់ប្រមាណការវិវត្តនៃបទល្មើសនានាបន្តទៀត។
គួរជម្រាបថា ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ១.ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា, ២.លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ, ៣.ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ៤.បង្កើនកិច្ចការពារជនរងគ្រោះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


