Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ ចាន់ធឿន ប្រាប់សហជីពកុំឲ្យធ្វើបាតុកម្ម កូដកម្ម ក្នុងអំឡុងពេលវិបត្តិកូវីដ១៩

បានផុស

នៅ

លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់សហជីពកុំឲ្យធ្វើបាតុកម្ម កូដកម្ម ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ ការលើកឡើងរបស់លោក ប្រាក់ ចាន់ធឿននេះបានធ្វើឡើង ខណៈលោកធ្វើជាតំណាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមនៅក្នុងសមាជរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងពិធីនោះ លោក ប្រាក់ ចាន់ធឿន បានអបអរសាទរសមាជរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ហើយលោក បានផ្ដែផ្ដាំឲ្យថ្នាក់ដឹកនាំនៅក្នុងសហភាពសហព័ន្ធសហភាពជាតិកម្ពុជា (CCTU) ចេះសាមគ្គីគ្នា និងមានភាពរស់រវើកឡើង ដើម្បីឈានទៅការរីកចម្រើន។ សម្រាប់លោក ប្រាក់ ចាន់ធឿន អ្វីដែលត្រូវគិត គឺភាពយុវជន និងភាពជាស្ត្រី ដើម្បីធ្វើជាថ្នាក់ដឹកនាំនាពេលអនាគត។ ជា​មួយគ្នានេះ លោកក៏បានផ្ដាំផ្ញើឲ្យពង្រឹងសហជីពមូលដ្ឋាន ដែលទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់សហជីពមូលដ្ឋាន ដែលត្រូវបណ្ដុះបណ្ដាលឲ្យចេះទាំងអស់គ្នា ពីព្រោះវាបញ្ហាសំខាន់របស់សហជីព។

បន្ថែមលើនេះ លោក ប្រាក់ ចាន់ធឿន បានប្រាប់ឲ្យសហភាពសហព័ន្ធសហភាពជាតិកម្ពុជាចាប់អារម្មណ៍ទៅលើវិស័យផ្សេងៗទៀត ក្រៅពីរោងចក្រ សហគ្រាស។ លោកថា ថ្វីដ្បិតតែវិស័យផ្សេងៗមានគ្នាតិច ប៉ុន្តែជាវិស័យដែលមានឥទ្ធិពល។ ទោះជាយ៉ាងណា លោកបានផ្តែផ្តាំឲ្យសហជីពត្រូវតែគោរពច្បាប់ ពីព្រោះការងារខាងក្រៅធ្វើបាន ការងារខាងក្នុងធ្វើបាន តែទិដ្ឋភាពច្បាប់មិនគោរពនោះ គឺមិនបានទេ  ត្រូវតែនាំគ្នាខិតខំអនុវត្តច្បាប់ទាំងអស់គ្នា។

លោករដ្ឋលេខាធិការ ក៏បានមើលឃើញចន្លោះប្រហោងសម្រាប់ការងារសហជីព គឺការរើសអើង ដែលលោកថា ត្រូវពិនិត្យតាមដានអំពីសកម្មភាពរបស់និយោជក ថាតើសកម្មភាពរបស់គេ រើសអើងសហជីពដែរ ឬអត់ កុំនៅពេលដេញសហជីព ថាគេរើសអើង គេផ្ដាច់កិច្ចសន្យាថា គេរើសអើង ក៏មិនត្រូវដែរ។ ប៉ុន្តែនិយោជក ក៏មាននិយោជកខ្លះ ក៏មិនល្អដែរ។

លោកថា៖ «អ្វីដែលយើងត្រូវគិតនៅក្នុងអំឡុងពេលនេះ កុំប្រើកូដកម្ម គឺត្រូវប្រើការចរចាគ្នា ហើយត្រូវសិក្សាពីអង្គហេតុ អង្គច្បាប់ ថាតើ ជាការរើសអើង ឬជាអ្វី ហើយត្រូវធ្វើការតវ៉ាសម្របសម្រួលតាមនីតិវិធី»។ បើតាមលោក ប្រាក់ ចាន់ធឿន នៅក្នុងអំឡុងពេលមុនយុទ្ធនាការឃោសនាបោះឆ្នោត តែហ៊ានធ្វើអ្វីបន្តិច ក្រុមប្រឆាំងរដ្ឋាភិបាល គេនឹងចូលទៅចាប់យក ហើយគេនឹងដណ្ដើមយកសមាជិក ធ្វើឱ្យបាត់ក្រេឌីត។ ការបង្កើតបាតុកម្ម កូដកម្ម ទោះបីសម្របសម្រួលតាមច្បាប់ ប៉ុន្តែជាឱកាសរបស់ក្រុមប្រឆាំង។

សមាជរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ធ្វើឡើង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី សម្រាប់អាណត្តិទី៧ ហើយជាលទ្ធផលលោកស្រី ទេព គឹមវណ្ណា ត្រូវបានជ្រើសតាំងជាប្រធានសម្រាប់អាណត្តិទី៧នេះ។

លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការអន្តរជាតិអាយឡូ (ILO) ប្រចាំប្រទេសកម្ពុជា បានអបអរសាទរ ដែលសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានជ្រើសរើសបេក្ខនារីប្រធានសម្រាប់អាណត្តិទី៧នេះ។ លោកថា សមាជិកនៅក្នុងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ភាគច្រើនជាស្ត្រីនៅតាមរោងចក្រ សហគ្រាស ជាច្រើន។ ដូច្នេះ លោកចង់ឲ្យមានថ្នាក់ដឹកនាំជាស្ត្រីឲ្យបានច្រើន ដើម្បីដោះស្រាយបញ្ហានានារបស់ស្ត្រី នៅកន្លែងការងារ ក៏ដូចជាចលនាសហជីព។

ក្រៅពីនេះ លោក ក៏បានអបអរសាទរចំពោះសមិទ្ធផលដែល CCTU សម្រេចបានក្នុងអាណត្តិកន្លងមក។ លោកថា CCTU បានធ្វើការយ៉ាងច្រើន ជាពិសេសរយៈពេលពីរឆ្នាំកន្លងមកនេះ ដើម្បីស្ដារឡើងវិញពីវិបត្តិកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជា សេដ្ឋកិច្ចពិភពលោក ជាពិសេស មុខរបរ និងការងាររបស់កម្មករនៅតាមរោងចក្រសហគ្រាស។ តំណាងអង្គការអាយឡូរូបនេះ ក៏បានសន្យាជួយផ្នែកបណ្ដុះបណ្ដាលរបស់សហហភាពសហព័ន្ធសហជីពជាតិកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) មានសហព័ន្ធសហជីពចំនួន១៦ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយមានសមាជិកមកពីគ្រប់វិស័យដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កំពង់ផែ ស្រាបៀរ សំណង់ ស្រែអំបិលនេសាទ ដែលគ្រប់ដណ្ដប់ចំនួន១៥ខេត្ត ក្រុង និងមានសមាជិកមានចំនួន៨៤២៨៩ នាក់។ ប៉ុន្តែ សមាជិកបានធ្លាក់ចុះនៅក្នុងអំឡុងការរីករាលដាលនៃជំងឺ Covid-19 ដោយសារអ្នកខ្លះ បានទៅធ្វើការកន្លែងផ្សេង ហើយមិនអាចវិលត្រឡប់មកវិញ និងអ្នកខ្លះទៀត បានស្លាប់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម