Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ចក្ខុវិស័យការពារជាតិផ្អែកលើស្មារតីសំខាន់២

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ចក្ខុវិស័យការពារជាតិរបស់កម្ពុជា គឺផ្អែកលើស្មារតី២សំខាន់ៗ។ លោក បានគូសបញ្ជាក់យ៉ាងនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងបើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា ចក្ខុវិស័យនៃវិស័យការពារជាតិរបស់កម្ពុជា គឺការបង្កើនប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការបន្តធ្វើការកែទម្រង់កងទ័ព ដែលជាការងារត្រូវអនុវត្តជាប្រចាំ និងគ្មានទីបញ្ចប់ ដោយផ្អែកលើស្មារតីសំខាន់ចំនួន២ គឺ ទី១. មូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន និងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិ បានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ដំណើរការនៃការកែទម្រង់ គឺមិនត្រូវប៉ះពាល់ដល់មូលដ្ឋាននៃស្មារតីនេះឡើយ ពីព្រោះកងទ័ពជាអាវុធមុខពីរ ដែលអាចជាកម្លាំងក្នុងការការពារសន្តិភាពផង និងបំផ្លាញសន្តិភាពផង ដូចដែលមានសរបញ្ជាក់រួចមកហើយក្នុងដានប្រវត្តិសាស្ត្រកម្ពុជា ជាអាទិ៍វិបត្តិសង្គ្រាមស៊ីវិលក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយរដ្ឋប្រហារយោ​ធា និងការទទួលបានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានកងទ័ពជាប្រតិបត្តិករ។

ទី២. គឺស្មារតីម្ចាស់ការឯករាជ្យលើគ្រប់វិស័យ។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដំណើរការកែទម្រង់ ក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរអំពីការធ្វើទំនើបកម្ម។ “ទំនើបកម្ម គឺជាការកែសម្រួលដើម្បីឱ្យឆ្លើយតបសភាពការណ៍ជាក់ស្តែង” ។ ដូច្នេះ នៅចំពោះមុខ ដំណើរការនៃការធ្វើទំនើបកម្ម គួរផ្តោតទៅលើការកែសម្រួលរចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការផ្តល់សម្ភារគ្រឿងបំពាក់ឱ្យទាន់សភាពការណ៍ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ច ដែលកំពុងប្រែប្រួលទៅតាមការវិវឌ្ឍនៃសង្គម និងបច្ចេកវិទ្យា។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធនធានមនុស្សលើមុខជំនាញនេះ ជាការត្រៀមលក្ខណៈអនុវត្តបទបញ្ជា និងសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។

សម្រាប់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះ គឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ លោកថា ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជា តំបន់ទាំងមូលផងដែរ។ ក្នុងន័យនេះ បញ្ជាការដ្ឋានអង្គរក្ស គឺជាកងឯកភាពឈានមុខមួយក្នុងការបំពេញភារកិច្ចស្នូលដ៏សំខាន់ចាំបាច់នេះ ដោយកន្លងមកបានខិតខំធានាបាននូវការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិនានា យ៉ាងមានប្រសិទ្ធភាព។ អង្គភាពនេះ ក៏បានបំពេញភារកិច្ចជាច្រើនទៀត ដូចជាការការពារបូររណភាពទឹកដី ជាពិសេស ការដោះស្រាយវិបត្តិជាយថាហេតុនានា ដែលតម្រូវឱ្យមានអន្តរាគមន៍បន្ទាន់ រួមមាន ការសង្គ្រោះគ្រោះមហន្តរាយ អំពើភេរវកម្ម និងជំងឺរាតត្បាតជាដើម។

និយាយដល់ជំងឺរាតត្បាត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា មកដល់បច្ចុប្បន្ននេះ ការបន្តរាតត្បាតជំងឺកូវីដ១៩នៅលើពិភពលោក និងក្នុងតំបន់ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស ជាមួយនឹងការរកឃើញនៃវីរុសបំប្លែងថ្មីអូមីក្រុង។ យ៉ាងណាក៏ដោយ កម្ពុជាអាចបន្តការទប់ស្កាត់បានល្អ ហើយអត្រាឆ្លងរក្សានៅកម្រិតទាប។ ទាំងនេះ ក៏ដោយសារកត្តា ២ សំខាន់ៗ គឺ ទី១. គឺការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយ យន្តការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមសភាពការណ៍។

ទី២. កត្តាកំណត់ចម្បងបំផុត គឺកត្តាថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។ លោកថា សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ។

លោក ហ៊ុន​ ម៉ាណែត បានអះអាងថា ពិតណាស់ កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចប្រទេសដទៃដែរ ដែលនេះ គឺការសោកស្តាយមួយ។ ប៉ុន្តែ បើគ្មានការសម្រចចិត្តត្រឹមត្រូវនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ ដូចដែលអ្វីដែលសម្តេច ធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបប ប៉ុល ពត។ ទាំងនេះ គឺជាវីរភាពរបស់សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏សម្តេច អាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម