ព័ត៌មានជាតិ
ក្រុមអតីតនិស្សិតខ្មែរ ចេញលិខិតចំហរួមគ្នាទាមទារឲ្យ សម រង្ស៉ី សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត
ក្រុមអតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ចំនួន៣៣៧នាក់ទៀត បានចេញលិខិតចំហរួមគ្នាមួយ ទាមទារលោក សម រង្ស៉ី ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ចំពោះការប្រមាថទៅលើសញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត។

តាមរយៈលិខិតចំហ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដោយមានភ្ជាប់ទាំងហត្ថលេខាផង បានប្រកាសគាំទ្រពេញទំហឹងចំពោះសាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ និងបានលើកឡើងថា “យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងនូវការខកចិត្ត និងសោកស្តាយជាពន់ពេក ចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបាននិយាយវាយតម្លៃបន្ទាបបន្ថោកដល់គុណភាពសញ្ញាបត្រសិក្សា ដែលយើងខ្ញុំ ទទួលបាននៅឯក្រៅប្រទេស ថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់”។

ក្រុមអតីតនិស្សិតទាំងនោះបានអះអាងថា ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំទាំងអស់គ្នាដែលបានទៅនៅឆ្ងាយពី មាតុភូមិ បានតស៊ូសិក្សា និងបានជំនះគ្រប់ឧបសគ្គ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះ ជំនាញមកចូលរួមកសាង និងអភិវឌ្ឍប្រទេសរបស់ខ្លួននៅពេលត្រលប់មកវិញ។ តើបុគ្គលរូបនេះមានការខ្មាសអៀនដែរទេ ក្នុងនាមដើមកំណើតខ្មែរ ដែលមិនត្រឹមតែមិនលើកទឹកចិត្ត បែរជាបង្អាប់និស្សិតខ្មែរខ្លួនឯងទៅវិញ ហើយក៏ជាការបំបាក់ទឹកចិត្តនិស្សិតខ្មែរដទៃជាច្រើនរូបទៀត ដែលកំពុង ត្រៀមទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលអនាគត។ លើសពីនេះទៀត ការថ្លែងបែបនេះ គឺជាការវាយតម្លៃបន្ទាបបន្ថោកចំពោះគុណភាពអប់រំ ក៏ដូចជា ប្រព័ន្ធអប់រំទាំងមូលនៃបណ្តាប្រទេស ដែលនិស្សិតខ្មែរយើងបានទៅសិក្សា និងបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយខណៈដែលអ្នកនយោបាយចាស់វស្សាខ្លួនឯងផ្ទាល់រូបនេះ ក៏ជាអតីតនិស្សិតខ្មែរមួយរូប ដែលទទួលបានការសិក្សានៅបរទេសផងដែរនោះ។

លិខិតបញ្ជាក់ទៀតថា “យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំរូបគាត់ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ដើម្បីបង្ហាញភាពជា គំរូដល់អ្នកនយោបាយជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមប្រកាសគាំទ្រពេញទំហឹងចំពោះសាររបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបានស្នើឲ្យអ្នកនយោបាយខាងលើ ឲ្យធ្វើការបកស្រាយ និងសូមក្លាហានហ៊ានចេញមុខតទល់ ដើម្បីលុបលាងនូវការថ្លែង យ៉ាងអាម៉ាស់របស់ខ្លួននៅចំពោះមុខកូនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស”។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគតផងនោះ បានឆ្លើយតបចំពោះការប្រមាថមើលងាយរបស់លោក សម រង្ស៊ី និងបានបញ្ជាក់ថា ប្រសិនបើនៅតែធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានតទៅទៀត លោកគ្មានជម្រើសអ្វីក្រៅពីការពារកិត្តិយសនោះទេ ហើយកុំចោទថា ក្មេងមិនស្គាល់ចាស់ទុំ។

ដោយឡែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានហៅការឆ្លើយតបទៅ សម រង្ស៊ី របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា “ក្មេងប្រដៅចាស់ពាល”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា “ស្តាប់ក្មេងប្រដៅចាស់ពាលល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹង sic ! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ”៕
ដោយ ៖ កោះកែវ





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


