បេក្ខជនដែលប្រឡងជាប់និន្ទេសA ចំនួន១០នាក់នៅក្នុងត្បូងឃ្មុំ ត្រូវបានលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ទឹកប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗទទួលបានថវិកា៥០០ដុល្លារអាមេរិក ខណៈនិទ្ទេសB មានចំនួន៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបានទូរស័ព្ទដៃមួយគ្រឿង ហើយនិទ្ទេសC ចំនួន១២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល និងនិទ្ទេសD និង និទ្ទេសE ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។
សម្រាប់ស្រុកពញាក្រែក បេក្ខជនមកប្រឡងសរុបចំនួន៩៨៤នាក់ បេក្ខជនប្រឡងជាប់៦៧៦នាក់ ស្មើនឹង៦៨.៧០% បេក្ខជនប្រឡងធ្លាក់ចំនួន៣០៨នាក់ ស្មើនឹង៣១.៣០% ។ ក្នុងនោះ បេក្ខជននិទ្ទេសA ចំនួន៨នាក់ និទ្ទេសB ចំនួន២៩នាក់ និទ្ទេសC ចំនួន១១៨នាក់ និទ្ទេសD ចំនួន២៣១នាក់ និងនិទ្ទេសE ចំនួន២៩០នាក់។ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានសម្តែងការកោតសរសើរដលើសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុបទាំងអស់នេះ។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងវិទ្យាល័យជាច ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក វង សូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិត ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាអ្នកសាបព្រោះ អប់រំ ទូន្មាន បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើទាំងបែបវិទ្យាសាស្រ្ត សង្គមសាស្រ្ត ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត ភូមិសាស្រ្ត សេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងសីលធម៌ ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់សិស្សានុសិស្ស មាតា បិតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយរដ្ឋមន្រ្តី បានបង្កើតសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណៈល្អប្រសើរដល់ក្មួយៗបានចូលរៀនដើម្បីកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។ ឆ្លៀតយកឱកាសនេះ ដែរលោក វង សូត ក៏បានធ្វើការអប់រំ ណែនាំបន្ថែមដល់សិស្សានុសិស្ស ទាំងចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែមនាពេលអនាគត៕
អត្ថបទ ៖ ហុង ម៉េង ហៀ