Connect with us

ព័ត៌មានជាតិ

លោក អួន សារ៉ាត់ ជាពីជំងឺកូវីដ តែសួតនៅមានបញ្ហាត្រូវការព្យាបាលបន្ត

បានផុស

នៅ

ស្ថានភាពជំងឺលោក អួន សារ៉ាត់ អ្នកនិពន្ធសៀវភៅ និងជាគ្រូបណ្តុះបណ្តាលគំនិតអាជីវកម្ម បានល្អប្រសើរច្រើនហើយ គិតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី អ៊ុច សារ៉ាវុធ ភរិយាលោក អួន សារ៉ាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី អ៊ុច សារ៉ាវុធ បានប្រាប់កម្ពុជាថ្មីថា ស្វាមីអ្នកស្រី គឺលោក អួន សារ៉ាត់ បានឆ្លងជំងឺកូវីដ-១៩ ដែលជំងឺនេះ បានវាយប្រហារសួតរបស់លោក បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកស្រីថា លោកអួន សារ៉ាត់ បានជាពីជំងឺកូវីដ-១៩ ទាំងស្រុងហើយ នៅឡើយតែបញ្ហាសួតរងការខូចខាតខ្លាំង ត្រូវព្យាបាលបន្តទៀត។

បើតាមអ្នកស្រី អ៊ុច សារ៉ាវុធ បានឲ្យដឹងថា លោក អួន សារ៉ាត់ សម្រាកព្យាបាលនៅមន្ទីរពេទ្យទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ អស់រយៈពេលជាង ១ខែ ដែលត្រូវចំណាយប្រាក់អស់ខ្ទង់សែនដុល្លារ ដែលថវិកាមួយចំនួន បានមកពីជំនួយសម្បុរសជន។

ភរិយាលោក អួន សារ៉ាត់ បានរំឮកថា ស្ថានភាពជំងឺរបស់ស្វាមីអ្នកស្រី គ្រូពេទ្យសង្ឃឹមតែ ១%ភាគរយប៉ុណ្ណោះ ដោយសារអាការធ្ងន់ធ្ងរពេក។ ប៉ុន្តែនៅពេលនោះ អ្នកស្រីថា នៅតែមានសង្ឃឹមក្នុងចិត្តជានិច្ចថា ស្វាម៉ីរបស់ខ្លួននឹងជាសះស្បើយ។ ជាការពិតដូចការរំពឹង នៅពេលនេះ លោក អួន សារ៉ាត់ កំពុងរៀនដើរឡើងវិញបានខ្លះ ដែលនេះជាសញ្ញាបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោក បានល្អប្រសើរច្រើនហើយ។

លោកស្រី សារ៉ាវុធ សរសេរលើហ្វេសប៊ុកផេកថា« លោកគ្រូ អួន សារ៉ាត់ ស្រកសាច់អស់១៥គីឡូ ប៉ុន្តែឥឡូវនេះ ឡើងគីឡូបាន២ខាំវិញហើយ»។

សូមបញ្ជាក់ថា លោក អួន សារ៉ាត់ មានជំងឺប្រចាំកាយ ដូចជា រលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតខ្លាំងទាំងស្តាំ ទាំងឆ្វេង ដែលជំងឺទាំងនេះហើយ ធ្វើឲ្យសុខភាពលោក ចុះដុនដាបខ្លាំង ក្រោយពីឆ្លងជំងឺកូវីដ-១៩។

លោក អួន សារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោយពីជំងឺធ្វើទុក្ខខ្លាំង។ ក្រោយពីមានការយកចិត្តទុកដាក់ខ្លាំងពីក្រុមគ្រូពេទ្យ គិតត្រឹមថ្ងៃនេះ ជំងឺលោក បានធូរស្បើយច្រើន និងកំពុងរៀនដើរបាន ៥០០ម៉ែត្រក្នុងថ្ងៃ។

លោក អួន សារ៉ាត់ ត្រូវបានសាធារណជន ស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ អំពីការលើកទឹកចិត្ត បង្កើតអាជីវកម្ម បណ្តុះគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង លក់នៅលើទីផ្សារ ពិសេសនៅតាមបណ្ណាគារនានា នៅទូទាំងប្រទេស។ លើសពីនេះទៀត លោក អួន សារ៉ាត់ តែងតែបើកវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍នៅលើអនឡាញ ឬបណ្តាញសង្គម ដើម្បីចែកជូនដល់សាធារណជន យកទៅពិចារណា អំពីគំនិតអាជីវកម្ម និងបទពិសោធន៍ដែលលោកមានកន្លងមក៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម