ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពថៃ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការនៅតាមបណ្ដោយព្រំដែន ឲ្យកាន់តែប្រសើរថែមទៀត
ថ្លែងនៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការនៅតាមបណ្ដោយព្រំដែន ជាពិសេស កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងនោះ វិស័យកងទ័ពក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ លោកនាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដូចជា កិច្ចសហប្រតិបត្តិការដោះមីន នៅតាមបណ្ដោយព្រំដែន និងការហ្វឹកហ្វឺនជាដើម ដោយបានប្តេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
ជាការឆ្លើយតបវិញ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ផ្តើមចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យគ្រប់វិស័យមានការរីកចម្រើន ពិសេស ស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ នៅតែបន្តសហការជាមួយគ្នាជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ជួញដូរអាវុធ អំពើភេរវកម្ម និង បទល្មើសធនធានធម្មជាតិព្រៃឈើ។
សូមបញ្ជាក់ថា គណៈប្រតិភូមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០៣ ដល់ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ នេះ គឺជាលើកទីមួយហើយដែលប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល។

តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា នឹងចូលក្រាបបង្គំគាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ និងចូលក្រាបបង្គំគាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនានៅវត្តឧណ្ណាលោម។
ជាមួយគ្នានេះ គណៈប្រតិភូកងទ័ពថៃ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជួបសម្ដែងការគួរសមជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ គណៈប្រតិភូកងទ័ពថៃ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ គណៈប្រតិភូកងទ័ពថៃ នឹងទទួលពិសារអាហារសាមគ្គី ដែលរៀបចំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសណ្ឋាគារសូហ្វីតែល ហើយមុននឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសថៃវិញ គណៈប្រតិភូកងទ័ពភូមិន្ទថៃ នឹងអញ្ជើញទៅទស្សនាវិមានឈ្នះ ឈ្នះ ផងដែរ៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


