ព័ត៌មានជាតិ
ប្រធានមន្ទីរការងារណែនាំឱ្យយុវជនងាកមកចាប់អារណម្មណ៍លើមុខជំនាញវិជ្ជាជីវៈងាយស្រួលរកការងារធ្វើ
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី បានណែនាំដល់យុវជនឱ្យងាកមកចាប់អារម្មណ៍លើមុខជំនាញវិជ្ជាជីវៈព្រោះងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ចំណូលខ្ពស់ទៀតផង។
លោក ណយ ច័ន្ទតារា បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកបវេសនការឆ្នាំសិក្សា ២០២១-២០២២ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកប្រធានមន្ទីរបានបន្តថា ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្របង្កើនចំណូលគ្រួសារ និងឆ្លើយតបចំពោះតម្រូវការទីផ្សារការងារដែលកំពុងខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី។
លោកប្រធានមន្ទីរបានបន្តទៀតថា «មានយុវជនមួយចំនួនមិនសូវឲ្យតម្លៃទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះទេ ក៏ប៉ុន្តែធាតុពិតការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាការចំណេញពេលវេលាសិក្សា រៀនដោយឥតគិតថ្លៃ ងាយស្រួលរកការងារធ្វើ ឬ ប្រកបអាជីពខ្លួនឯង និងទទួលបានប្រាក់ចំណូល ប្រាក់ខែខ្ពស់ ជាដើម»។ លោកប្រធានមន្ទីរបានសំណូមពរឲ្យសិស្សនិស្សិតទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ទាំងទ្រឹស្ដីនិងការអនុវត្តផ្ទាល់ដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ ។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជននិងជនងាយរងគ្រោះបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងកាត់បន្ថយការពឹងផ្អែកទៅលើអនុផលព្រៃឈើឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ព្រមទាំងបង្កើនចំណូលគ្រួសារ។
លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា« យុវជនចាំបាច់ត្រូវតែមានជំនាញមួយពិតប្រាកដ ដើម្បីជា មុខរបរចិញ្ចឹមជីវិតហើយដើម្បីបានជំនាញពិតប្រាកដ ក្មួយៗសិស្សនិស្សិត ត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចិត្តទុកដាក់ស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូព្យាយាមអនុវត្តពេលចុះកម្មសិក្សា»។

ជាមួយគ្នានេះដែរ លោកស្រី វិន ស៊ីធួន ក៏បានផ្ដាំផ្ញើដល់សិស្ស និស្សិតទាំងអស់ ត្រូវធ្វើជាគំរូល្អ ជាទំពាំងល្អសម្រាប់ គ្រួសារ សង្គមនិងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមអនុវត្តវិធានការ ៣ ការពារ៣កុំ និងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នាដើម្បីការពារខ្លួននិងក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ-១៩។
លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីបានឱ្យដឹងថាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នេះ មានសិស្សនិស្សិតសរុបចំនួន ៩០ នាក់ ស្រី៥៣នាក់ សិស្សកម្រិតជាន់ខ្ពស់បច្ចេកទេសមានចំនួន ២៥ នាក់ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១ ចំនួន ៨នាក់ កម្រិត២ ចំនួន ១៥ នាក់ និងកម្រិត ៣ ជំនួន ៧ នាក់ ក្រៅពីនេះ មានថ្នាក់កុំព្យូទ័រ អ៊ុតសក់ផាត់មុខជួសជុលម៉ូតូនិងថ្នាក់ស្ពានចម្លង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


