ព័ត៌មានជាតិ
កម្ពុជា និងសហភាពអឺរ៉ុប រៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១១ រយៈពេល២ថ្ងៃ
កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា- សហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំ ឡើងនៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំអនុក្រុមចំនួន០៣ (១, ពាណិជ្ជកម្ម និងការវិនិយោគ ២, កិច្ចសហប្រតិបត្តិការ និង៣, ការកសាងស្ថាប័នកំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស) រួចមក។

បើតាមសេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា កិច្ចប្រជុំអនុក្រុមនីមួយៗបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានពន្យារ ពេលចាប់តាំងពីពេលនោះមក ដោយសារ តែការរំខានបណ្ដាល មកពីជំងឺកូវីដ-១៩។ កិច្ចប្រជុំគណៈកម្មាធិការចម្រុះនេះ ដឹកនាំដោយលោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។
កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពសម្រេចបាន គិតចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុបលើកទី១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៊ុចសែល ក្នុងឆ្នាំ២០១៨ ព្រមទាំងបាន ផ្លាស់ប្តូរទស្សនៈលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងបញ្ហាទ្វេភាគី និងពហុភាគី ក្នុងនោះរួមទាំងការវិវត្ត នយោបាយថ្មីៗទាំងនៅកម្ពុជា និងសហភាពអឺរ៉ុបផងដែរ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរពីស្ថានភាព នៅប្រទេសអ៊ុយក្រែន ស្ថានភាពសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប-អាស៊ាន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សហភាពអឺរ៉ុបក៏បានកោតសរសើរកម្ពុជាផងដែរ ចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) កាលពីឆ្នាំ២០២១ កន្លងទៅ ដែលបានបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាក្នុងការធានាឱ្យ បានថាពហុភាគីនិយមនៅតែបន្តមានភាពពាក់ព័ន្ធ និងមានប្រសិទ្ធភាពដោះស្រាយបញ្ហាតំបន់ និងសកល។

បន្ថែមលើសពីនេះ សហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ាន របស់កម្ពុជានៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ សហភាពអឺរ៉ុបបានគូសបញ្ជាក់ថា ការតែងតាំងលោក Igor Driesmans ជាប្រេសិតពិសេសរបស់ EU សម្រាប់ប្រទេសមីយ៉ាន់ម៉ា សរបញ្ជាក់ឱ្យឃើញពីការគាំទ យ៉ាងខ្លាំងក្លារបស់សហភាពអឺរ៉ុបចំពោះអាស៊ាន និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
កិច្ចប្រជុំអនុក្រុម ស្ដីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍសំខាន់ៗស្តីពីសិទ្ធិមនុស្ស (រួមទាំងសិទ្ធិស៊ីវិល និងនយោបាយ ការងារ ដីធ្លី និងសិទ្ធិស្ត្រី ផងដែរ) គោលនយោបាយប្រឆាំងការ ជួញដូរមនុស្ស និងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ ពហុទិដ្ឋភាព និងការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅការរៀបចំបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នាពេល ខាងមុខនេះ។
សហភាពអឺរ៉ុបបានគូសបញ្ជាក់អំពីសារសំខាន់យ៉ាងខ្លាំង នៃការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុនិយម សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងនីតិរដ្ឋ។ សហភាពអឺរ៉ុបបាន កត់សម្គាល់ពីកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជាជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ក៏ដូចជាការប្ដេជ្ញាចិត្ត និងកាតព្វកិច្ចដែលកម្ពុជាបានទទួលយក ស្ថិតក្រោមច្បាប់ និង អនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស។
ចំណែកកិច្ចប្រជុំអនុក្រុម ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញ ទៅលើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ នីមួយៗ។ កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសញ្ចអាវុធ (EBA) កិច្ចសហប្រតិបត្តិការ បច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យកាន់ត ប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថា បរិយាកាសវិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមប្រកបដោយចីរភាព។
នៅក្នុងអំឡុងពេលកិច្ចប្រជុំអនុក្រុមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីទាំង ពីរបានកត់សម្គាល់ អំពីវឌ្ឍនភាពសម្រេចបានពាក់ព័ន្ធនឹងការបន្តគាំទ្ររបស់សហភាពអឺរ៉ុបដល់ការអភិវឌ្ឍរបស់កម្ពុជា។
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការអនុម័តកម្មវិធីសូចនាករពហុឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប (២០២១-២០២៧) ថ្មី ដែលមានតម្លៃ ១៥៥ លានអឺរ៉ូ សម្រាប់រយៈពេល៣ ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤៕ កោះកែវ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


