ព័ត៌មានជាតិ
ពលរដ្ឋសាទរ និងគាំទ្រចំពោះបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលឲ្យមន្ត្រីបង្ក្រាបបទល្មើសនេសាទខុសច្បាប់
ប្រជាពលរដ្ឋ ដែលជាអ្នកនេសាទលក្ខណៈគ្រួសារ បានបង្ហាញការគាំទ្រ និងសាទរបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដាច់ខាតដល់អភិបាលខេត្ត មន្រ្តីពាក់ព័ន្ធ រួមនិងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាធ្វើការបង្រ្កាបឲ្យអស់ នូវបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាទ។
ប្រជាពលរដ្ឋ រស់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ នៃខេត្តបាត់ដំបង បានសាទរ និងគាំទ្រនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ខណៈពួកគាត់ប្រកបរបរនេសាទជាលក្ខណៈគ្រួសារ កំពុងប្រឈមរកត្រី ធ្វើប្រហុកផ្អកលែងបាន ដោយចំនួនត្រីកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែបទល្មើស មានទំហំធំកើនឡើងជាបន្តបន្ទាប់ ហើយមន្ត្រីជំនាញពាក់ព័ន្ធហាក់មិនអើពើក្នុងការបង្ក្រាប។
អ្នកស្រី ហូរ គឹមហោ ជាប្រជានេសាទ នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង បានរៀបរាប់ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះត្រីរកជាលក្ខណៈគ្រួសារ សម្រាប់តែទុកបរិភោគមិនគ្រប់គ្រាន់ផង កុំថាឡើយយកទៅលក់។ អ្នកស្រីបន្តថា រហូតមកដល់ពេលនេះដាក់មង១ដៃ ដែលមានប្រវែង ៧០ ទៅ ៨០ម៉ែត្រ ហើយដាក់ម្ដង ១០ដៃ ក្នុងមួយថ្ងៃមិនបាន ២គីឡូត្រីផងពោល គឺមិនចាំបាច់លក់ទេសូម្បីតែទុកហូបសឹងមិនគ្រាន់ផង។
អ្នកស្រី ហ៊ុំ ស្រី រស់នៅព្រែកទាល់ ឃុំកោះជីវាំង បានលើកឡើងដែរថា ក្រុមប្រជានេសាទរបស់ពួកគាត់តែង ពឹងទៅលើឧប្បករណ៍លួង ឬលបដើម្បីយកទៅដាក់យកត្រី សម្រាប់ដោះស្រាយជីវភាព តែពេលនេះរកតែត្រី សម្រាប់បរិភោគមិនចង់គ្រប់ផង ដោយសាតែក្រុមឈ្មួញប្រើឧប្បករណ៍ធំ ដូចជាបរណរ៉ាវ និងឧប្បករណ៍ខុសច្បាប់ផ្សេងទៀត ដែលមានប្រវែងរាប់សិបគីឡូម៉ែត្រ បានចាប់បំផ្លាញគ្មានសល់ ហើយគ្មានអ្នកបង្រ្កាប។
ចំណែកអ្នកស្រី ហេង ចំប៉ី រស់នៅភូមិឃុំជាមួយគ្នាខាងលើ បានលើកឡើងថា «រូបខ្ញុំក៏ដូចជាអ្នកភូមិបណ្តែតទឹក ក្នុងឃុំកោះជីវាំងទាំងអស់ ពេលលឺសម្តេច ហ៊ុន សែន ដាក់បទបញ្ជាបែបនេះ ពួកខ្ញុំសប្បាយចិត្តណាស់ ពេលលឺសម្លេចសម្តេច ពួកខ្ញុំខ្លះអររំភើបពេកស្ទើរហូរទឹកភ្នែក ដោយមិនដឹងខ្លួនទៀតផង»។
ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជានេសាទខាងលើនេះ លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍ បានលើកឡើងថា ក្រោយទឹកទន្លេសាប បានស្រកចុះប្រនេសាទ ក៏រកត្រីសម្រាប់ធ្វើប្រហុកទុក សម្រាប់រដូវច្រូតកាត់មិនចង់បានផង ដោយម្នាក់ៗនាំគ្នារកសន្សំបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈដែលអ្នកប្រើឧប្បករណ៍ស្បៃខុសច្បាប់ បានចាប់យកស្ទើរគ្មានសល់។ មកដល់ថ្ងៃទី ២៤-២៥ ខែមីនានេះ នៅតែមានឧប្បករណ៍នេសាទខុសច្បាប់ នៅព្រោងព្រាតចាប់ពីក្នុងដងស្ទឹងសង្កែ រហូតដល់បឹងទន្លសាប ហើយនៅមិនទាន់មានសមត្ថកិច្ចណា ចុះមកបង្ក្រាបនៅឡើយ ដែលធ្វើឲ្យប្រជានេសាទ មិនសប្បាយចិត្តឡើយ។
លោកបន្តថា ការប្រទះឃើញបទល្មើសខាងលើនេះ ស្របពេលមានវត្តមាន លោកអនុប្រធានអាជ្ញាធរបឹងទន្លេសាបម្នាក់ បានចុះស្រាវជ្រាវ និងពិនិត្យលើបទល្មើសទំហំធំជាក់ស្តែង និងប្រៀបធៀបទៅលើឧប្បករណ៍របស់ប្រជានេសាទ ដែលប្រកបជាលក្ខណៈគ្រួសារ ព្រមទាំងបានសំណេះសំណាលជាមួយប្រជានេសាទផងដែរ។
យ៉ាងណាក៏ដោយ លោកអនុប្រធានអាជ្ញាធរបឹងទន្លេសាបរូបនេះ មិនទាន់អាចផ្តល់បទសម្ភាសន៍ឲ្យកម្ពុជាថ្មីនៅឡើយ ដោយលោកបានមានប្រសាសន៍តបថា ពេលនេះលោកមិនទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយនៅឡើយ ដោយកំពុងស្ថិតក្នុងការស្រាវជ្រាវ ត្រួតពិនិត្យនៅឡើយ។
ពាក់ព័ន្ធបទល្មើសខាងលើលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់អ្នកយកព័ត៌មានថាលោកទើបបានចូលរួមប្រជុំ ជាមួយលោកអភិបាលខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធកាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។ បើទោះបីយ៉ាងណា នៅក្នុងអង្គប្រជុំលោកអភិបាលខេត្ត បានព្រមានដល់មន្ត្រីរាជការ ដែលពាក់ព័ន្ធនឹងបទល្មើស ត្រូវដកខ្លួនចេញជាបន្ទាន់ ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ