Connect with us

ព័ត៌មានជាតិ

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន និង​ប្រេសិត​អគ្គលេខាធិការ UN ឯកភាព​ធ្វើការ​រួមគ្នា ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ឱ្យ​រួច​ផុតពី​វិបត្តិ

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា និង​លោកស្រី​បណ្ឌិត Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​សម្រាប់​មី​យ៉ាន់​ម៉ា បាន​ផ្លាស់ប្តូរ​ទស្សនៈ និង​ពិភាក្សា អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​-​អង្គការសហប្រជាជាតិ ក៏ដូចជា​រវាង​ប្រេសិត​ពិសេស​ទាំងពីរ ដែល​ជំនួប​ពិភាក្សា​ការងារ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​ដៃគូ​សន្ទនា​អំពី​សកម្មភាព ការ​ប្រឈម​នានា និង​លទ្ធផល​នៃ​ជំនួប​របស់លោក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុងអំឡុងពេល​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២១-២៣ ខែមីនា ឆ្នាំ​២០២២ ដោយ​ផ្តោតជាសំខាន់​ទៅលើ​អាទិភាព​បន្ទាន់​ចំនួន​៣​រួមមាន​៖ ដំណើរ​ឆ្ពោះទៅរក​ការបញ្ចប់​អំពើហិង្សា សម្របសម្រួល​ការចែក​ចាយ​ជំនួយ​មនុស្សធម៌ និង​ការកសាង ជំនឿ​ទុកចិត្ត និង​បង្កើត​បរិយាកាស​ដើម្បី​ចាប់ផ្តើម​កិច្ចសន្ទនា​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ស្ថាបនា ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ត្រូវ​បានទទួល​ស្វាគមន៍​ជាទូទៅ និង​ត្រូវបាន​ចាត់ទុកថា ជា​ដំណើរ​ឆ្ពោះទៅមុខ​ដ៏​សំខាន់​នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ ចំណុច​របស់​អាស៊ាន​។ លោក​ថា នៅក្នុង​អំឡុងពេល​ពីរ​ថ្ងៃ នៃ​ដំណើរ​ទស្សនកិច្ច លោក​ទទួលបាន​ការយ​ល់​ដឹង​ពាក់ព័ន្ធ​ជាច្រើន សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​ក្នុងការ​បញ្ចប់​អំពើហិង្សា ក្នុងការ​យល់ដឹង​បន្ថែមទៀត អំពី​ហេតុផល​នៅ​ពីក្រោយ​ភាពមិន​ដូចគ្នា​នៃ​ទស្សនៈ និង​ជំហរ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ក៏ដូចជា តម្រូវការ ដើម្បី​ដោះស្រាយ​ឧបសគ្គ​នានា ក្នុងការ​ចែកចាយ​ជំនួយ​មនុស្សធម៌​។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តួអង្គ​នយោបាយ​ខុសៗ​គ្នា នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​មិនទាន់បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កិច្ចពិភាក្សា​នោះទេ និង​នៅតែមាន​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​ការតស៊ូ​របស់​ពួកគេ​នៅ​គ្រប់​ទម្រង់ ជាពិសេស​តាមរយៈ​ការតស៊ូ​ប្រដាប់អាវុធ​។ លោក​បន្តទៀតថា វា​ច្បាស់​ណាស់​ថា គ្មាន​ដំណោះស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រទេស សង្គម និង​នៅក្នុង​សតិអារម្មណ៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​នោះទេ​។​

​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​លោកស្រី​បណ្ឌិត Heyzer អំពី​ជំហាន​ចំនួន​៣ នៃ​ការងារ​នាពេល​បន្ទាប់រ​បស់​លោក​ក្នុងនាម​ជា​ប្រេសិត​ពិសេស​៖ ទីមួយ​, ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ជំនួយ​មនុស្សធម៌ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ដើមខែ​ឧសភា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ ជាមួយ​ភាគី​ផ្សេងៗ​លើ​របៀប​ក្នុងការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ឱ្យទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត​ដោយ​គ្មាន​ការរើសអើង​។ ទី​ពីរ​, អំពី​គម្រោង​រៀបចំ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង និង​ទី​បី​, អំពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២​របស់លោក​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកស្រី​បណ្ឌិត Heyzer បាន​ពិភាក្សាគ្នា​យ៉ាង​វែង​អំពី​ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ អំពី​ជំនួយ​មនុស្សធម៌ និង​ការបង្កើត​ច្រករបៀង​មនុស្សធម៌ ដើម្បី​ធានា​ដំណើរការ​ផ្តល់ជំនួយ​ដោយ​រលូន និង​សុវត្ថិភាព​។ ក្នុងន័យនេះ លោកស្រី​បណ្ឌិត​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ បាន​ធានា​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី អំពី​ការគាំទ្រ និង​ការចូលរួម​យ៉ាង​ពេញលេញ​របស់​អង្គការសហប្រជាជាតិ​។ ប្រេសិត​ពិសេស​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​តួនាទី​របស់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​ទាំងមូល ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​។

​ចំពោះ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​អង្គការសហប្រជាជាតិ ប្រេសិត​ទាំងពីរ​បាន​ឯកភាព​ធ្វើការ​រួមគ្នា​ក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​រួច​ផុតពី​វិបត្តិ​នេះ តាមរយៈ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ ចំណុច​របស់​អាស៊ាន​។ លោក​ឧបនាយករដ្ឋមន្ត្រី និង​ប្រេសិត​អង្គការសហប្រជាជាតិ ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​ទម្រង់​សហប្រតិបត្តិ​ការបំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​ត្រូវអនុវត្ត​ដោយ​អាស៊ាន និង​អង្គការសហប្រជាជាតិ និង​ដោយ​ប្រេសិត​ពិសេស​ទាំងពីរ ក្នុង​ដំណើរការ​ជា​ជំហានៗ ដោយ​ចាប់ផ្តើម​ពី​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ទៅ​។

នៅក្នុង​ជំនួប​នោះដែរ លោកស្រី​បណ្ឌិត Heyzer បានទទួល​ស្គាល់​នូវ​ការលំបាក​នានា ដែល​កម្ពុជា​កំពុង​ប្រឈម​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន និង​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការ​បើកផ្លូវ​សម្រាប់​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម