ព័ត៌មានជាតិ
ទូតរុស្ស៊ីមិនទទួលញត្តិរបស់យុវជនមួយក្រុម ដែលស្នើឲ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែនទេ
ស្ថានទូតរស្ស៊ីប្រចាំកម្ពុជា មិនបានទទួលយកញត្តិរបស់ក្រុមយុវជនមួយក្រុម ដែលមានបំណងស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះទេ។ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមសកម្មជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២នេះ បានដាក់ញត្តិដាក់ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដើម្បីស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានឲ្យដឹងថា គោលបំណងដែលក្រុមរបស់លោកដាក់ញត្តិដាក់ ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជានាពេលនេះ គឺចង់ឃើញប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ហើយស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកល។
យ៉ាងណាក៏ដោយលោក កើត សារ៉ាយ បានឲ្យដឹងតាមរយៈគណនីហ្វេសប៊ុក នៅមុននេះបន្តិចនាថ្ងៃទី ៥ ខែមេសានេះថា «មកដល់ពេលនេះស្ថានទូតរុស្ស៊ីមិនបានទទួលយកញត្តិ របស់ពួកយើងនោះទេ ទោះជាយ៉ាងនេះក្ដី ពួកយើងនៅតែរក្សាជំហរស្នើឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន និងស្ដារស្ថេរភាពពិភពលោកឡើងវិញ»។
កាលពីថ្ងៃទី ៤ ខែមេសា ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ បានលើកឡើងថា «ក្នុងនាមពួកយើងជាមនុស្សជាតិដូចគ្នា ពួកយើងខ្ញុំជាសង្គមស៊ីវិលប្រចាំនៅកម្ពុជា សូមផ្សាយសេចក្ដីស្រលាញ់ និងការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន (Ukraine ) ដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ព្រៃផ្សៃយង់ឃ្នង ហើយពួកយើងពិតជាចង់ឃើញខ្លាំងណាស់ ចំពោះមនុស្សជាតិទាំងអស់ ក្នុងសកលលោកអាចរស់នៅក្នុងសុខសន្តិភាព ជួបជុំបងប្អូនគ្រួសារយ៉ាងរីករាយ ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ ដូច្នេះក្នុងនាមប្រជាជាតិកម្ពុជាពួកយើងខ្ញុំ ពិតជាមិនចង់ឃើញប្រទេសណាមួយធ្លាក់ក្នុងភ្លើងសង្រ្គាមនោះទេ សូមប្រជាជាតិអ៊ុយក្រែន (Ukraine ) និងប្រជាជាតិរុស្ស៊ី (Russia) ទទួលយកនូវការគោរពស្រឡាញ់ពីពួកយើងខ្ញុំផង»។
គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ ប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែន បន្ទាប់ពីការប្រកាសដោយលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


