ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ការវិនិយោគរបស់ក្រុមហ៊ុនCPនៅកម្ពុជា បានចូលរួមបង្កើតមុខរបរថ្មី និងឱកាសការងារជូនពលរដ្ឋយ៉ាងច្រើន
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច បង្កើតមុខរបរថ្មី និងឱកាសការងារជូនដល់ពលរដ្ឋកម្ពុជាយ៉ាងច្រើន។
លោករដ្ឋមន្ត្រីបានលើឡើងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ក្នុងឱកាសអនុញ្ញាតឲ្យលោក Preeda Chunwong អគ្គនាយករង C.P នៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានបន្តថា លើសពីនេះក្រុមហ៊ុនមិនត្រឹមតែចូលរួមនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជានោះទេ
ក្រុមហ៊ុនក៏បានផ្តល់ការងារជូនដល់ពលករកម្ពុជាបានយ៉ាងច្រើនទាំងនៅក្នុងស្រុក និងផ្តល់ឱកាសការងាររបស់ក្រុមហ៊ុនដល់ពលករកម្ពុជានៅក្នុងប្រទេសថៃថែមទៀត។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រុមហ៊ុន CPនៅកម្ពុជា គោរពបានយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌ បទដ្ឋានការងារសម្រាប់កម្មករនិយោជិតដោយឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រីកនូវគម្រោងរបស់ខ្លួនថ្មីៗបន្ថែមទៀត។
លោក Preeda Chunwong បានបញ្ជាក់ថា ក្រុមហ៊ុន CPកម្ពុជា មានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល២៦ឆ្នាំមកហើយ ក្រុមហ៊ុនមានដំណើរការអាជីវកម្មរីកចម្រើនមកទល់បច្ចុប្បន្ននេះដោយជោគជ័យនេះ
ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកបានបន្តថា ដើម្បីជាការតបស្នង ក្រុមហ៊ុននឹងធ្វើការបណ្តាក់ទុនបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា
ដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនដូចគ្នាទៅនឹងក្រុមហ៊ុនដែរ។

លោក Preeda Chunwong បានបន្តថា បច្ចុប្បន្នមានពលករខ្មែរកំពុងធ្វើការនៅក្រុមហ៊ុននៅប្រទេសថៃប្រមាណជាង១ម៉ឺននាក់ ដោយពួកគេមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម អត់ធ្មត់នឹងការងារដែលធ្វើឱ្យក្រុមហ៊ុន ត្រូវការពលករចំនួន២ពាន់នាក់បន្ថែមទៀតដើម្បីជួយការងាររបស់ក្រុមហ៊ុន។ លោកបានបន្តទៀតថាពលករកម្ពុជាធ្វើការនៅថៃនឹងទទួលអត្ថប្រយោជន៍ស្មើៗគ្នាទៅនឹងពលកររបស់ប្រទេសដទៃផ្សេងទៀត។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុនមានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយពលករធម្មតាឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួលបានការសិក្សារៀនសូត្របំប៉មសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងផ្នែកនីមួយៗ របស់ក្រុមហ៊ុននាពេលអនាគត។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន CP មានអាជីវកម្មជាច្រើនដែលកំពុងបណ្តាក់ទុនវិនិយោគ ចំនួន២១ប្រទេសទូទាំងពិភពលោក។ ពាក់ព័ន្ធទៅនឹងការជួយដល់ប្រជាកសិករខ្មែរវិញ លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបញ្ជាទិញផលិតផលពីពួកគាត់ចំនួន៤សែនតោនក្នុងមួយឆ្នាំៗ សម្រាប់យកទៅកែច្នៃជាផលិតផលរបស់ក្រុមហ៊ុន។

លោករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយជាខ្លាំងដែលខាងក្រុមហ៊ុនបានបញ្ជាទិញកសិផល ពីប្រជាកសិករខ្មែរទាំងនេះចាត់ទុកជាទីផ្សារមួយដ៏សំខាន់ជួយដោះស្រាយជីវភាពរបស់ពួកគាត់បានប្រសើរមួយកម្រិត។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្រុមហ៊ុនគួរបង្កើនភាពជាដៃគូដោយធ្វើការបញ្ជាទិញកសិផលពីកសិករខ្មែរឲ្យបានកាន់តែច្រើនបន្ថែមទៀតព្រោះវាមានន័យណាស់សម្រាប់សេដ្ឋកិច្ច។
ចំពោះក្រុមហ៊ុនCP ដែលត្រូវការកម្លាំងពលកម្ម ចំនួន២ពាន់នាក់សម្រាប់បម្រើការងារជូនដល់ក្រុមហ៊ុននៅប្រទេសថៃ លោករដ្ឋមន្ត្រីឯកភាពចំពោះសំណើនេះ ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នាដែលប្រទេសយើងទាំងពីរបានធ្វើជាមួយគ្នាកន្លងមកនោះ។

លោករដ្ឋមន្ត្រី លើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេសទៅបំពេញបេសកកម្មនៅព្រះរាជាណាចក្រថៃឡង់ដ៏ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។ ដូច្នេះប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម ៦ខែអាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


