Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ បាន​អញ្ជើញ​ប្រកាស​ខេត្តព្រៃវែង ជា​ខេត្ត​អស់​មីន ក្រោម​ការជួយ​គាំទ្រ​ពី​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (AmCham)

បានផុស

នៅ

ព្រៃវែង ៖ ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​ព្រៃវែង ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ប្រកាស​ខេត្តព្រៃវែង ជា​ខេត្ត​អស់​មីន ក្រោម​ការជួយ​គាំទ្រ​ពី​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (AmCham) និង​ប្រតិបត្តិការ​បោសសម្អាត​ដោយ​កងកម្លាំង​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រៃវែង ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង ក្រុមប្រឹក្សា​ខេត្ត តំណាង​ដៃគូ​អភិវឌ្ឍន៍ តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋបាល​ខេត្តព្រៃវែង និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ផ្តល់នូវ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សិ​មិទ្ធ​ផល​សម្រេច​បានជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​បោសសម្អាត​មីន​ដែល​យើង​បានដឹង​ឲ្យ​អស់ពី​ខេត្តព្រៃវែង​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​មាន​ប្រសា​ន៍​ថា “​ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​ខេត្តព្រៃវែង​ប៉ុណ្ណោះ​ទេ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ក្នុងការ​អបអរសាទ​រ​ខេត្តព្រៃវែង ជា​ខេត្ត​មីន​។ ទោះបី​ខេត្តព្រៃវែង ត្រូវបាន​ប្រកាស​ជា​ខេត្ត​អស់​មីន ប៉ុន្តែ​ខេត្តព្រៃវែង នៅ​ទទួលរង​គ្រោះ​ដោយសារ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត លើ​ផ្ទៃដី​ប្រមាណ ១៦៤ គីឡូម៉ែត្រ​ក្រឡា សរុប ១២៩៨ ចម្ការ​គ្រាប់ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​បន្ត​ចាត់វិធានការ​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​”​។

ក្នុងនាម​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ក៏ដូចជា​ប្រជាជន​ខេត្តព្រៃវែង លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​សម្តែង​នូវ​ការដឹងគុណ និង​កតញ្ញុតាធម៌​ជូន​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ និង​ទទួល​បាន​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ព្រមទាំង​បាន​បើកទ្វារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​មិត្ត ដៃគូរ​អភិវឌ្ឍ និង​គ្រប់ភាគី​ពាក់ព័ន្ធ មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ការ​គំរាមកំហែង​ដោយសារ​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព និង​គ្មាន​ការភ័យខ្លាច​។

​ឆ្លៀត​ក្នុងឱកាស​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់ជំនួយ និង​ប្រទេស​ជា​មិត្ត​ដ៏​ឆ្នើម​ដទៃទៀត ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស សម្ភារ និង​ថវិកា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ដូចជា​៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័​រវេ​ស្ស ស្វី​ស ចិន កាណាដា ណូ​វែ​ល​សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ អៀរ​ឡង់ ហុង​គ្រី UNDP និង UNICEF ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​។

លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា ជាមួយនឹង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ការតាំង​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មីន បាន​នឹង​កំពុង​ពិចារណា និង​ពិនិត្យ​លទ្ធភាព​ស្វែងរក​ដៃគូរ និង​សប្បុរជន​នានា ដើម្បី​ធ្វើការ​បោសសម្អាត​មីន​អោយអស់​ដែល​បានដឹង​លើ​ខេត្ត​ចំនួន ០៥ ដែលមាន​ប៉ះពាល់​តិចជាងគេ រួមមាន ៖ ១/.​ខេត្តកំពង់ចាម មាន​ផ្ទៃដី ៩៨ ហិកតា ២/.​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី ១៧៤ ហិកតា ៣/. ខេត្តរតនគិរី មាន​ផ្ទៃដី ២៧៥ ហិកតា ៤/. ខេត្តកំពង់ឆ្នាំង មាន​ផ្ទៃដី ៣២៨ ហិកតា និង​៥/. ខេត្តតាកែវ មាន​ផ្ទៃដី ៣៦៣ ហិកតា​។

លោក Anthony Galliano ប្រធាន AmCham បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សា AmCham មាន​កិត្តិយស​ដែល​បាន​ចូលរួម​អបអរសាទរ​ប្រែក្លាយ​ខេត្តព្រៃវែង​ជា​ខេត្ត​អស់​មីន តាមរយៈ​អាជ្ញាធរ​មីន ដែលជា​ការរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​។ លោក​ប្រធាន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកដោះមីន​កម្ពុជា ដែល​បានធ្វើការ​ទាំង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​បំផុត ក្នុងការ​រំដោះ​ផ្ទៃដី​មាន​មីន និង​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម